(ភ្នំពេញ)៖ លោក មូឃីសា គឺតុយឺ (Dr. Mukhisa Kituyi) អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចូលរួម និងថ្លែងសុន្ទរកថា ដ៏មានសារសំខាន់សម្រាប់វេទិកានេះ។

លោក មូឃីសា គឺតុយឺ បានលើកឡើងតាមសារលិខិតនោះថា៖ «ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្របំផុតចំពោះការអញ្ជើញ ចូលរួម និងការរួមចំណែកដ៏មានតម្លៃរបស់សម្តេច ក្នុងវេទិកាវិនិយោគពិភពលោកលើកទី១០។ វេទិកានេះ ដែលធំជាងគេបំផុត នាពេលបច្ចុប្បន្ន បានទទួលជោគជ័យដ៏ធំធេង និងបានប្រមូលផ្តុំប្រមុខរដ្ឋ/រដ្ឋាភិបាល មន្ត្រីសាធារណៈ អ្នកដឹកនាំវិស័យឯកជនអ្នកដឹកនាំប្រកបដោយគំនិត និងបានទាក់ទាញអ្នកចូលរួមពីគ្រប់តំបន់ប្រហែល ៦០០០នាក់ ក្នុងព្រឹត្តិការណ៍នានាជាង ៦០។

លោកបានប្តថា៖ «ខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះសុន្ទរកថា របស់សម្តេច ក្នុងអំឡុងវេទិកាពិភាក្សាបញ្ហាសំខាន់ៗ ដែលបានធ្វើឲ្យកិច្ចពិភាក្សា កាន់តែមានខ្លឹមសារផុសផុល និងសូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមយ៉ាងសកម្មរបស់ សម្តេច ក្នុងកិច្ចពិភាក្សា ដែលត្រូវបានវាយតម្លៃខ្ពស់ដោយប្រតិភូនានា។ ការរួមចំណែករបស់ សម្តេច បានជួយធ្វើឲ្យវេទិកាវិនិយោគពិភពលោក ក្លាយជាព្រឹត្តិការណ៍គន្លឹះដ៏សំខាន់សម្រាប់សហគមន៍វិនិយោគផ្នែកអភិវឌ្ឍ ការដាក់ចេញនូវយុទ្ធសាស្ត្រ និងដំណោះស្រាយសម្រាប់វិនិយោគពិភពលោក និងការប្រឈម ព្រមទាំងការគាំទ្រដល់សកម្មភាពរួមគ្នារវាងដៃគូពហុភាគី ក្នុងការជម្រុញដល់ការវិនិយោគផ្នែកអភិវឌ្ឍប្រកបដោយចីរភាព»

តាមរយៈលិខិតនេះ លោកបានជម្រាបជូន សម្តេចតេជោថា រូបថត និងព័ត៌មានស្តីពីលទ្ធផល នៃវេទិកាត្រូវបានដាក់បញ្ចូលរួចហើយ ទៅក្នុងគេហទំព័រ របស់សន្និសីទ អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) តាមរយៈគេហទំព័រ http://unctad-worldinvestmentforum.org។ ចំណែកឯរបាយការណ៍វេទិកាឆ្នាំ២០១៨ ដែលកំពុងត្រូវបានរៀបចំនៅពេលនេះ នឹងត្រូវបានបង្ហោះទៅក្នុងគេហទំព័ររបស់ UNCTAD នៅក្នុងពេលសមស្របខាងមុខ។ ក្រុមការងាររបស់ខ្ញុំ និងខ្លួនខ្ញុំផ្ទាល់ត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ព័ត៌មានបន្ថែមអំពីវេទិកា ឬព័ត៌មានផ្សេងៗ ស្តីពីការងាររបស់ UNCTAD ក្នុងវិស័យវិនិយោគ និងការអភិវឌ្ឍសហគ្រាស ប្រសិនជា សម្តេច ត្រូវការ»។

លោកសង្ឃឹមយ៉ាងមុតមាំថា សម្តេចនឹងអាចរួមសហការជាថ្មីម្តងទៀតជាមួយ UNCTAD នាពេលអនាគតហើយខ្ញុំក៏មានសេចក្តីរីករាយ ដើម្បីបន្តគោរពជម្រាបជូន សម្តេច អំពីការរៀបចំវេទិកាវិនិយោគពិភពលោកសម្រាប់ឆ្នាំ ២០២០៕

ខាងក្រោមនេះជាសារលិខិតរបស់ អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)៖