(ភ្នំពេញ)៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ក្រុមកីឡាករយុវជនអាយុក្រោម២២ឆ្នាំចំនួន ១៥០០ដុល្លារ ក្នុងម្នាក់ៗ ប្រសិនបើប្រកួតឈ្នះ U22 ឥណ្ឌូនេស៊ីល្ងាចនេះ។
លោក សៅ សុខា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា យ៉ាងដូច្នេះថា «ខ្ញុំនឹងផ្តល់រង្វាន់ដល់កីឡាករក្នុងម្នាក់១៥០០ដុល្លារ ប្រសិនបើឈ្នះ U22 ឥណ្ឌូនេស៊ីល្ងាចនេះ»។
ក្រុម U22 កម្ពុជា នឹងប្រកួតទល់នឹងក្រុមភ្ញៀវ U22 ឥណ្ឌូនេស៊ីនៅពហុកីឡដ្ឋានជាតិនាម៉ោង ៦៖៣០នាទីថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុនៃពូល B ខណ: U22 មីយ៉ាន់ម៉ា ប៉ះ U22 ម៉ាឡេស៊ីនៅកីឡដ្ឋាន RSN។
ការប្រកាសឧបត្ថម្ភប្រាក់រង្វាន់នេះដែរ ជាការជំរុញទឹកចិត្តដល់ក្រុមកីឡាករ ពុះពារខ្លាំងឡើង ក្នុងជំនួបទល់នឹងក្រុមខ្លាំងឥណ្ឌូនេស៊ី ដ្បិតពួកគេត្រូវការឈ្នះ ខណៈកម្ពុជាបានកក់កៅអីមួយឡើងទៅវគ្គ ៤ ក្រុមរួចហើយ ក្រោយឈ្នះ២ប្រកួតជាប់គ្នា៕