(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា មហោស្របគីហ្សូណា កម្ពុជា-ជប៉ុន ជាមហោស្រប ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយវប្បធម៌ កម្ពុជា-ជប៉ុន ក៏ដូចជាដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យចេះស្គាល់ទាំងកន្លែងវប្បធម៌ និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងមហោស្របគីហ្សូណាកម្ពុជា-ជប៉ុន ឆ្នាំ២០១៩ ដែលបានរៀបចំឡើង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ( CJCC )។ ពិធីនេះផងដែរ ក៏មានការចូលរួមពីលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមទាំងមានការចូលរួមពី សិស្ស និស្សិតជាង៥០០នាក់ផងដែរ ក្នុងនោះក៏មានការសម្តែងល្ខោនខោល ជូនអ្នកចូលរួមទស្សនាផងដែរ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ហោស្របគីហ្សូណា កម្ពុជា-ជប៉ុន ឆ្នាំ២០១៩ លើកទី៨នេះ ដែលបានធ្វើឡើងក្រោមប្រធានបទ «បទពិសោធន៍ជាមួយគ្នា» មជ្ឈមណ្ឌល សហប្រតិបត្តិការណ៍កម្ពុជា-ជប៉ុន ដែលបានសហការរៀបចំកម្មវិធីនេះឡើង បានផ្តល់ឱកាសឲ្យយុវជនកម្ពុជា និងយុវជនជប៉ុន ដើម្បីស្គាល់ និងទស្សនានូវរូបភាពដ៏ស្រស់ស្អាត នៃទំរង់បែបប្រពៃណី និងសម័យទំនើបរបស់ប្រទេសកម្ពុជា និងរបស់ជប៉ុន។
លោកបានថ្លែងអំណរគុណដល់សិល្បករ សិល្បការិនី ជប៉ុន-កម្ពុជា ដែលផ្តល់ការជួយដល់ប្រជាជនទាំងអស់ឲ្យបានស្គាល់ និងផ្ដល់តម្លៃចំពោះវប្បធម៌បានពេញលេញរបស់កម្ពុជា និងជប៉ុន។
លោកបានបញ្ជាក់ទៀតថា នៅក្នុងមហោស្របគីហ្សូណាកម្ពុជា-ជប៉ុន ឆ្នាំ២០១៩នេះ គឺអាចបានស្វែងយល់ ពីសិល្បៈច្នៃប្រឌិត និងវប្បធម៌ កម្មវិធីអប់រំកម្ពុជា-ជប៉ុនដូចគ្នា ហើយនេះគឺជាឱកាសមួយ ដើម្បីពង្រឹងនូវការយល់ដឹង អំពីវប្បធម៌ រវាងប្រទេសជប៉ុន-កម្ពុជា ហើយជាពិសេសឯកអគ្គរដ្ឋទូតជប៉ុន ក៏បានលើកឡើងថា យើងនឹងបានទស្សនាល្ខោនបាសាក់ ដែលជាល្ខោនប្រពៃណីរបស់កម្ពុជា ដែលនាពេលបច្ចុប្បន្ននេះ មិនសូវបានសំដែងជូនទស្សនិកជននោះទេ។
លោកបានឱ្យដឹងទៀតថា មហោស្របគីហ្សូណាកម្ពុជា-ជប៉ុន ឆ្នាំ២០១៩ ជាមហោស្របដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយវប្បធម៌កម្ពុជា-ជប៉ុន ក៏ដូចជាដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យចេះស្គាល់ទាំងកន្លែងវប្បធម៌ និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសកម្ពុជា មហោស្របគីហ្សូណា បានដើរតួនាទី ក្នុងការប្រមូលផ្ដុំវប្បធម៌ចម្រុះ រួមទាំងក្រុមអ្នកសិក្សាកម្ពុជា និងជប៉ុន ដែលបានសិក្សាថ្នាក់វិទ្យាល័យ និងសាធារណៈជនទូទៅផងដែរ។
លោកបានបន្ថែមទៀតថា យុវជនចម្រុះវប្បធម៌ទាំងនេះ គឺជាក្រុមគោលដៅធនធានមនុស្ស ដែលធ្វើការរួមគ្នាក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ កម្ពុជាបានចាត់ទុកកម្មវិធីសហប្រតិបត្តិការពិសេសនេះ ជាមូលដ្ឋានសំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ហើយតាមរយៈមហោស្របគីហ្សូណានេះ យើងនឹងអាចបានរៀនសូត្រពីសកម្មភាពវប្បធម៌ និងអប់រំ និងដើម្បីឲ្យពួកគេអាចវាយតម្លៃ ទៅលើកាលវិភាគទាននៃវប្បធម៌ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕