(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា លោកកំពុងស្នើយោបល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ រៀបឯកសារបញ្ជូនស្ត្រីសង្ស័យមានមុខរបរបម្រើផ្លូវភេទជនជាតិចិន និងថៃចំនួន ២៧នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីបន្តអនុវត្តនីតិវិធី។
ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ជួន ណារិន្ទ បញ្ជាក់ថា ក្នុងចំណោមស្ត្រីសង្ស័យមានមុខរបរពេស្យាចារខាងលើ គឺក្នុងនោះមានជនជាតិថៃ ១៥នាក់ និងជនជាតិចិនចំនួន ១២នាក់។ លោកបន្តថា ជោគវាសនារបស់ស្ត្រីទាំងនោះ នឹងទៅជាយ៉ាងណា គឺជាការសម្រេចចុងក្រោយរបស់ថ្នាក់លើ នឹងត្រូវបញ្ជូនចេញទៅប្រទេសសាម៉ីវិញ ឬបែបក៏ណានោះ...?។
លោកស្នងការបានបញ្ជាក់ថា កម្លាំងជំនាញ ក្រៅពីបានឃាត់ខ្លួនស្ត្រីជនជាតិថៃ និងចិនចំនួន ២៧នាក់ខាងលើ សមត្ថកិច្ច ក៏បានឃាត់ខ្លួនបុរសជនជាតិចិនចំនួន ៦នាក់ ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធបើកទីតាំងបម្រើវាផ្លូវភេទ ឬពេស្យាចារ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុខុសច្បាប់។ លោកបន្តថា បុរសទាំង៦នាក់នោះកម្លាំងជំនាញកំពុងសាកសួរ ដើម្បីឈានដល់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ អនុវត្តនីតិវិធីផុ្តន្ទាទោសតាមច្បាប់កម្ពុជា។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងដូច្នេះ «កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញស្នងការនគរបាលខេត្តព្រះសីហនុ បានឆ្មក់ចុះបង្ក្រាបទីតាំងចំនួន ៣កន្លែង ដែលមានស្ត្រីជនជាតិចិន និងថៃសង្ស័យបើកបម្រើសេវាផ្លូវភេទនៅចំណុចភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ។ យុទ្ធនាការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្ត្រីសរុបចំនួន ៣៣នាក់។ ក្នុងនោះមានស្ត្រីជនជាតិថៃចំនួន ១៥នាក់ ស្ត្រីជនជាតិចិនចំនួន១២នាក់ និងបុរសចំនួន៦នាក់»។
លោកស្នងការបានឲ្យដឹងដែរថា កន្លងមកករណីស្រដៀងគ្នានេះ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្លាប់បានចុះធ្វើការណែនាំអប់រំស្ត្រីសង្ស័យប្រកបរបរបម្រើផ្លូវភេទខាងលើនេះ ជាបន្តបន្ទាប់មកដែរ។ ប៉ុន្តែមិនសូវមានប្រសិទ្ធភាពទេ ពោលនៅមានជនឆ្លៀតឱកាសលួចបើកលាក់លៀម នៅតាមទីតាំងមួយចំនួននាក្រុងព្រះសីហនុ។
ទាក់ទិនបញ្ហានេះ លោក ជួន ណារិន្ទ បន្តថា ករណីលួចបើកទីតាំងបម្រើសេវាផ្លូវភេទខាងលើនេះ កម្លាំងជំនាញនឹងនៅតែបន្តចុះអនុវត្តគោលការចំនួន៣ រួមមាន៖ បន្តចុះណែនាំអប់រំ, ភ្ជាប់វិធានការផ្លូវច្បាប់ និងភ្ជាប់វិធានការជំនាញ ព្រមៗគ្នា ដើម្បីឈានទៅទទួលបានជោគជ័យ និងស្របតាមច្បាប់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានអំពាវនាវដល់គ្រប់អង្គភាព ឬផ្នែកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ ត្រូវចូលរួមសហការផ្តល់ព័ត៌មានទាក់ទងបទល្មើសអ្វីមួយ មកកម្លាំងជំនាញ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យបានទាំងអស់គ្នា ដើម្បីបញ្ជូនកម្លាំងចុះស្រាវជ្រាវបង្ក្រាបឲ្យបានទាន់ពេល។ ជាងនេះទៀត ដើម្បីរួមគ្នាថែរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ និងអ្នកវិនិយោគទុនស្របច្បាប់ ដែលចូលមកខេត្តព្រះសីហនុ ឲ្យមានសុខសុវត្ថិភាព និងទទួលបានភាពសប្បាយរីករាយទាំងអស់គ្នា។
លោកស្នងការសង្កត់ធ្ងន់ថា ចំពោះគ្រប់ជនជាតិទាំងអស់មិនថាតែជនជាតិខ្មែរ ឬជនបរទេសនោះទេ ឲ្យតែបានប្រព្រឹត្តបទល្មើសអ្វីមួយខុសច្បាប់ នឹងត្រូវទទួលទោសមិនលើកលែងនោះទេ ពោលគឺស្ថិតក្រោមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា តែមួយដូចៗគ្នា។
បន្ថែមលើនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានបានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ ពិសេសអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក ឲ្យចូលមកកម្សាន្ត ក៏ដូចជាប្រកបមុខជំនួញផ្សេងៗ នាមូលដ្ឋាននេះ ឲ្យបានច្រើនថែមទៀត។
លោកបន្តថា រាល់ថ្ងៃនេះ កម្លាំងជំនាញគ្រប់ស្ថាប័ន ជាពិសេសកម្លាំងនគរបាលខេត្តព្រះសីហនុ បានបង្កើនគោលដៅពង្រាយកម្លាំងជំនាញ ចុះល្បាតការពារសន្តិសុខទាំងយប់ថ្ងៃ ដើម្បីផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគដោយយកចិត្តទុកដាក់បំផុត៕