(ក្រចេះ)៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានរៀបចំទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៤ ព្រមទាំងចាត់ទុកគ្រោះអគ្គិភ័យ ជាមហន្តរាយធ្ងន់ធ្ងរមួយ និងបានប្រកាសឲ្យមាន ការរួមគ្នាចូលរួមបង្ការ និងទប់ស្កាត់ ខណៈស្ថិតិ នៃស្ថានភាពគ្រោះអគ្គិភ័យ ដែលកើតមាននៅខេត្តក្រចេះ ជារៀងរាល់ឆ្នាំ គឺនៅមិនទាន់មានចំនួនថមថយនៅឡើយទេនោះ។
ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៤ បានប្រារព្ធធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីមន្រ្តីរាជការ អាជ្ញាធរស្រុកក្រុងទូទាំងខេត្តជាង៥០០នាក់។
លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងទទួលបន្ទុក អាវុធជាតិផ្ទុះ និងអគ្គិភ័យ បានបង្ហាញពីស្ថិតិគ្រោះថ្នាក់ បណ្តាលមកពីអគ្គិភ័យនៅក្នុងឆ្នាំ២០១៨ នៅខេត្តក្រចេះ ឱ្យដឹងថា បានកើតមានឡើងចំនួន១៦លើក លើ១៦លើក បើប្រៀបធៀប ទៅនិងឆ្នាំ២០១៧ គឺមានតួរលេខស្មើរគ្នា។
ករណីនេះបានកើតមានឡើងនៅស្រុកស្នួល ៥លើក ឆេះផ្ទះ៤ផ្ទះ និងរោងដាក់សម្ភារ ១, ស្រុកសំបូរ៤លើក បណ្តាលឱ្យឆេះផ្ទះ៤ផ្ទះ និងស្រុកឆ្លូង១លើកបណ្តាលឱ្យឆេះផ្ទះ១ផ្ទះ, ស្រុកចិត្របុរី៣លើកបណ្តាលឱ្យឆេះផ្ទះអស់ចំនួន ៦ផ្ទះ និងស្រុកព្រែកប្រសព្វចំនួន៣លើក បណ្តាលឱ្យឆេះផ្ទះអស់ចំនួន៣ផ្ទះ។ មហន្តរាយ គ្រោះអគ្គិភ័យខាងលើ បានបណ្តាលឱ្យរងរបួសមនុស្សចំនួន៣នាក់ ស្រី១នាក់ ឆេះ១៨ផ្ទះ ឆេះកុដ្ឋព្រះសង្ឃ រោងដាក់សម្ភាភារ សរុបការខាងបងអស់រាប់សិបលានរៀល។
លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់បន្ថែមថា ការដែលអគ្គិភ័យកើតឡើងដោយសារកត្តាមួយចំនួនក្នុងនោះបញ្ហាភ្លើងធូប ទៀន ចង្រ្កាន ហ្គាស់ ផាវ កាំជ្រូច បារី ចំហេះអគ្គិសនី ដុតសំរាម គ្រឿងផ្ទុះ ទុស្សេខ្សែភ្លើងជាដើម។
ជាមួយគ្នានេះដែរ អភិបាលរងខេត្តក្រចេះលោក ជាក់ ម៉េងហ៊ាង ដែលបានអញ្ជើញជាអធិបតីក្នុងការ ប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ បានអំពាវនាវឱ្យពលរដ្ឋទាំងអស់គ្នា ចូលរួមទប់ស្កាត់ បង្ការ ការពារគ្រប់ពេលកាលៈទេសៈ។
ពិសេសទៀតនោះ លោកអភិបាលរងខេត្ត បានជំរុញឲ្យនគរបាលជំនាញ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ត្រៀមសម្ភារៈ ឱ្យបានគ្រប់គ្រាន់ដើម្បីត្រៀមសង្រ្គោះនៅរាល់ហេតុការណ៍គ្រោះអគ្គិភ័យ ដែលនិងបានកើត មានឡើងឱ្យទាន់ពេលវេលា៕