(ព្រៃវែង)៖ លោក ស សុខា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តព្រៃវែង នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាន អញ្ជើញបើកសន្និបាត ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ក្នុងពិធីនោះលោក ស សុខា បានថ្លែងថា ត្រូវស្វែងរកចំណុចខ្សោយ ចំណុចប្រឈម ចំណុចខ្លាំង និងដាក់ចេញដំណោះស្រាយ សម្រាប់ឈានទៅជោគជ័យ គ្រប់ការបោះឆ្នោត នៅអាណត្តិក្រោយៗ។
ជាមួយគ្នានោះ លោកក៏ជំរុញឲ្យសមាជិកអង្គសន្និបាត ចូលរួមពិភាក្សាឲ្យបានផុលផុស ដើម្បីធ្វើជាធាតុចូល បូកផ្សំជាមួយការងារ ដែលសម្រេចបានក្នុងឆ្នាំ២០១៨ កសាងជាផែនការសកម្មភាព សម្រាប់អនុវត្តក្នុងឆ្នាំ២០១៩ ក្នុងគោលដៅបានជាប្រយោជន៍ ដល់យុវជនប្រជាជន និងសង្គមជាតិទាំងមូល។
អង្គសន្និបាត និងបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ស្អែកនេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តព្រៃវែង។ ទន្ទឹមនឹងនេះ ក៏នឹងមានសន្និសីទសារព័ត៌មាន ផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន ទទួលបានព័ត៌មាន ស្ដីពីលទ្ធផលនៃអង្គសន្និបាទទាំងមូល៕