(បាត់ដំបង)៖ ក្នុងកម្មវិធីអប់រំយល់ដឹងអំពីមីន ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីន បានលើកឡើង ដោយសម្តែងនូវការគោរពដឹងគុណ និងចងចាំជានិច្ចចំពោះស្នាដៃ និងវីរភាពដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសង្រ្គោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ជាអ្នកចរចាដ៏អស្ចារ្យ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងជាស្ថាបនិកនៃនយោបាយ ឈ្នះឈ្នះ ដែលធ្វើឲ្យទឹកដីកម្ពុជា មានសន្តិភាពបរិបូណ៌ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ក្នុងពិធីនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា «បើគ្មានសម្តេចតេជោ គឺគ្មានសន្តិភាព និងការបោសម្អាតមីនឡើយ»។ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែឲ្យបុគ្គលិកកាកបាទក្រហម យកជំនួយមនុស្សធម៌ចែកជូនជនរងគ្រោះដោយសារមីន។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានអាជ្ញាធរមីន សូមអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ប្រតិបត្តិករជាតិ និងអន្តរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមមាន៖
*ទី១៖ អាជ្ញាធរដែនដី ត្រូផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងពីតំបន់ ដែលមានផលប៉ះពាល់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម នៅក្នុងភូមិសាស្រ្ត ភូមិ ឃុំរបស់ខ្លួន តាមរយៈផែនទីលទ្ធផល នៃការស្រាវជ្រាវព័ត៌មានចំការមីន (Baseline Survey)។ ក្នុងករណីភូមិ ឃុំ ណាពុំទាន់មានផែនទី សូមទាក់ទងជាមួយស្រុក ឬខេត្តជាបន្ទាន់។ អាជ្ញាធរដែនដី ក៏ត្រូវបំផុសឲ្យប្រជាពលរដ្ឋចូលរួមប្រលងប្រណាំង អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងត្រូវមានវិធានការតឹងរ៉ឹងបំផុត ចំពោះទង្វើទាំងឡាយណាដែលនៅតែបំពាន ដូចជាការលេងគ្រាប់ ការកែឆ្នៃគ្រាប់ធ្វើកាំជ្រួច ឬបោកត្រី។ល។
*ទី២៖ សូមពិតទូលព្រះសង្ឃ ព្រះថេរានុថេរៈ ក៏ដូចជាបងប្អូនត្រូវចេះជួយណែនាំអប់រំពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាក្រុមគ្រួសារ និងអ្នកជិតខាងខ្លួន ឲ្យគោរពតាមការណែនាំ និងចង្អុលបង្ហាញរបស់អាជ្ញាធរមូលដ្ឋាន អង្គការ ឬប្រតិបត្តិករទាំងឡាយណា ដែលបានអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ។ ជៀសវាងការរុករកកាកសំណល់អេតចាយ ដែលជាគ្រឿងផ្ទុះ ឬវត្ថុដែលសង្ស័យថាជាគ្រឿងផ្ទុះ មិនត្រូវកែច្នៃគ្រាប់ ឬរំសេវផ្ទុះ មិនត្រូវប្រថុយប្រថានចូលទៅ តំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាដាច់ខាត ហើយត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករបោសសម្អាតមីន ឬសមត្ថកិច្ចនគរបាលជាបន្ទាន់ នៅពេលបានឃើញបានដឹងពីកន្លែងមានមីន ឬគ្រាប់មិនទាន់ផ្ទុះនេះ។
*ទី៣៖ ស្នើសុំប្រតិបត្តិករទាំងអស់ ចូលរួមអប់រំប្រជាពលរដ្ឋឲ្យបានសកម្ម និងជាប្រចាំ ពិសេសត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន និងកំណត់មុខសញ្ញា ជនដែលងាយរងគ្រោះថ្នាក់ ដើម្បីធ្វើការអប់រំ។ ជាមួយគ្នានេះ ត្រូវខិតខំឆ្លើយតបដោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយប្រមូល និងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានរាយការណ៍។
*ទី៤៖ សូមអំពាវនាវដល់ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជននានា សូមបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកាដើម្បីបន្តនិរន្តរ៍ភាព ក្នុងការអនុវត្តសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕