(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើយុទ្ធនាការចុះបាញ់បំបាត់ជម្រកម៉ូសខ្លា ដែលបង្កឲ្យមានការកើតជំងឺគ្រុនឈាម ដែលផ្ទុះឡើងនៅដើម្បីខែកុម្ភៈនេះ ទៅលើកុមារជាច្រើន។
លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា សេវាព្យាបាលក្នុងមន្ទីរបង្អែកខេត្តកោះកុង ឃើញថា ជំងឺគ្រុនឈាម មានការផ្ទុះឡើង ជាក់ស្តែងនៅក្នុងខែកុម្ភៈ ជំងឺគ្រុនឈាមលើកុមារ មានចំនួនរហូតដល់៣៣នាក់ ដែលមកតំបន់ផ្សេងៗ ហើយមានការកើនឡើងច្រើន ក្នុងសប្តាហ៍ទី២ និងទី៣ក្នុងខែកុម្ភៈនេះ។ ក្នុងនោះដែរ ការព្យាបាលចំពោះក្រុមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ទៅកុមារមានការយកចិត្តទុកដាក់ខ្ពស់ ពុំមានកុមារណាម្នាក់ ដែលកើតជំងឺគ្រុនឈាម មិនបញ្ជូនទៅថ្នាក់ជាតិ ឬមន្ទីរផ្សេងៗនោះ ព្រោះក្រុមគ្រូពេទ្យបានព្យាបាលជា ១រយភាគរយ ក្នុងមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋ បានយល់ដឹងច្រើនបើប្រៀបធៀបនឹង១០ឆ្នាំមុន ព្រោះគាត់មានផ្នត់គំនិត ការយល់ដឹងច្រើន ដែលអាចដឹងពីរោគសញ្ញា ដែលគាត់ដាក់ថ្នាំ ឲ្យរយៈពេលតែ៣ថ្ងៃ រួមមតិយោបល់អ្នកជិតខាងថា មានជំងឺគ្រុនឈាម ឪពុកម្តាយបានបញ្ជូនកូនមកមន្ទីរភ្លាមៗ ដើម្បីលោកគ្រូពេទ្យអ្នកគ្រូពេទ្យ ធ្វើតេស្ត៍រកមេរោគដើម្បីព្យាបាល ហើយម៉្យាងមន្ទីរពិសោធន៍ ដើម្បីរកមេរោគគ្រុមឈាមឃើញភ្លាមៗ។
លោកវេជ្ជបណ្ឌិតថា ចំពោះជំងឺគ្រុនឈាមឆ្នាំនេះ មានការចំឡែកខុសរាល់ឆ្នាំ ព្រោះវាកើតក្នុងរដូវប្រាំងហើយក្តៅទៀត ជាទូទៅជំងឺនេះកើតនៅរដូវវស្សា ជារដូវភ្លៀងធ្លាក់ទឹកដក់ ហើយជំងឺគ្រុនឈាមកើតមកពីម៉ូសខ្លាខាំ ក្នុងពេលម៉ោង៦ល្ងាច។ ហេតុដូច្នេះលោកអំពាវរនាវ ដល់បងប្អូនទូទាំងប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសុខភាពគ្រួសារ និងកុមារពិសេស ត្រូវចេះធ្វើអនាម័យបរិស្ថានជុំវិញលំនៅដ្ឋាន គេងដាក់មុងឲ្យត្រឹមត្រូវ ស្លៀកពាក់ខោអាវកូនដៃវែងជើងវែង ដើម្បីកុំឲ្យម៉ូសខាំ ហើតបើបងប្អូនមានលក្ខណៈសង្ស័យ ចំពោះសុខភាពកូន ដែលខុសពីភាពប្រក្រតី ត្រូវបញ្ជូនមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋាន។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងថា ប្រតិបត្តិការណ៍ថ្ងៃនេះ បានធ្វើឡើងនៅភូមិស្មាច់មានជ័យ១ និងភូមិ៣ និងលើទិសដៅរហូតដល់ភូមិ៤ សង្កាត់ដងទង់ ក្រុខេមរភូមិន្ទខេត្តកោះកុង។ ទន្ទឹមនឹងនេះលោកសូមឲ្យប្រជាពលរដ្ឋ ចូលរួមបំបាត់ជម្រកម៉ូសខ្លាទាំងអស់គ្នា។
កាលពីម្សិលមិញ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានស្នើសុំដ៏ទទូចដល់អាជ្ញាធរមូលដ្ឋាន និងប្រជាជនទាំងអស់ ត្រូវចូលរួមទប់ស្កាត់កុំឲ្យមានការផ្ទុះឡើង នូវជំងឺគ្រុនឈាម ក្នុងឆ្នាំ២០១៩នេះ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត បានធ្វើឡើងក្នុងកម្មវិធីបិទសន្និបាត បូកសរុបការងាររបស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារ អង្គរ អេរ៉ា ក្រុងសៀមរាប។
លោកស្រីវេជ្ជបណ្ឌិត ថ្លែងបន្ដថា «កត្តាដែលសំខាន់បំផុត ត្រូវអប់រំសុខភាពដល់ប្រជាជន និងឲ្យមានចំណាត់ការពីអាជ្ញាធរមូលដ្ឋាន ក្នុងការលុបបំបាត់ជម្រកមូសខ្លាឲ្យបាន ដូចជា សំបកកង់ឡាន-ម៉ូតូ (ត្រូវដាក់ក្រោមដំបូល ឬចាក់ដីបំពេញ ឬដាក់ប្រេងម៉ាស៊ីនប្រើរួច ឬគរត្រួតលើគ្នាគ្របស្បៃមុង) សំបកកំប៉ុង សម្ភារដក់ទឹក ។ល។ ការបាញ់ថ្នាំមូសច្រើនពេកអាចជំរុញ ឲ្យមានភាពស៊ាំថ្នាំលើពពួកសត្វមូស ដែលនឹងបង្កផលវិបាកយ៉ាងច្រើន ក្នុងការសម្លាប់មូសខ្លា ឲ្យមានប្រសិទ្ធភាពនាពេលអនាគត។ ដូច្នេះ វិធានការបាញ់ថ្នាំមូសគេទុកអនុវត្ត នៅពេលមានការរាតត្បាតប៉ុណ្ណោះ»។
លោកស្រីវេជ្ជបណ្ឌិត ថ្លែងបញ្ជាក់ថា វិធានការណ៍ដ៏ល្អនោះ គឺការអនុវត្តអនាម័យស្អាត សម្អាតលំនៅឋាន លុបបំបាត់ជម្រកមូសខ្លា បំបាត់ដង្កូវទឹកដោយប្រើថ្នាំអាបែត ឬលាងសម្អាតពាងអាងយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ឬចិញ្ចឹមត្រីប្រាំពីរពណ៌ បង្ការការខាំចម្លងរបស់សត្វមូសដោយសម្រាន្តក្នុងមុង ស្លៀកខោអាវវែងៗ កុំអង្គុយលេងនៅកន្លែងងងឹតៗ និងត្រូវរួសរាន់បញ្ជូនអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗទៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតឲ្យបានទាន់ពេលវេលា។ហើយវិញទាំងនេះ គឺបុគ្គលគ្រប់រូប គឺជាអ្នកថែទាំសុខភាពផ្ទាល់ខ្លួនបានល្អប្រសើរបំផុត ជាងគ្រូពេទ្យទៅទៀត៕