(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកា ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក ខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ នៃសាលាខេត្តត្បូងឃ្មុំ។
ក្នុងនោះក៏មានការចូលរួមពី លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ, អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា ស.ស.យ.ក ទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ។
លោក ហ៊ុន ម៉ានី បានថ្លែងទៅកាន់សមាជិក-សមាជិកា របស់ខ្លួនថា មនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លូនឯង ដើម្បីឆ្ពោះទៅមុខ ពោពេញដោយការអភិវឌ្ឍ ជាសសរទ្រូងប្រទេសជាតិ ជាពិសេសយុវជនជំនាន់ក្រោយ។ លោកបន្តថា ការប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកប្រធាន គូសបញ្ជាក់ថា ស.ស.យ.ក ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្ម ពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុត ដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែក កសាងប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា ស.ស.យ.ក នឹងបន្ដសកម្មភាពចូលរួមជាវិជ្ជមានដល់សង្គមកម្ពុជា ជាពិសេសការបន្ដចូលរួម ជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័ន ដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នា លើការកសាងអភិវឌ្ឍន៍កម្ពុជាមួយភាពរឹងមាំ និងកាន់តែមានការទទួលស្គាល់ ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ។
លោកបានអះអាងទៀតថា ដោយផ្អែកលើមូលដ្ឋានធនធានមនុស្ស យុវជនកម្ពុជា ដែលមានការទទួលខុសត្រូវ មានឧត្តមគតិ មនសិកា ស្នេហាជាតិ ដើម្បីជាសរសរទ្រូងនៃឆ្អឹងខ្នងដ៏រឹងមាំ សម្រាប់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគត។ បន្ថែមពីនេះ ស.ស.យ.ក បន្ដជំរុញយុវជន ឲ្យចូលរួមកម្មវិធីស្ម័គ្រចិត្ត កម្មវិធីសិក្សា កម្មវិធីមនុស្សធម៌ ឬការងារស្ម័គ្រចិត្តនៅតាមសហគមន៍ ដើម្បីយុវជនបានសាកល្បងចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត និងទទួលបានបទពិសោធន៍ ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ៕