(ស៊ីដនី)៖ ពូជសត្វឃ្មុំយក្សធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានគេប្រទះឃើញសាជាថ្មី នៅឯតំបន់ព្រៃដាច់ស្រយាលមួយក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានចំណាយពេលជាង ៣៨ឆ្នាំ ដើម្បីតាមរកវត្តមានពូជឃ្មុំយក្ស នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
ជាមួយស្លាបដែលមានប្រវែង ៦សង់ទីម៉ែត្រ Wallace គឺជាសត្វឃ្មុំយក្សធំជាងគេបំផុតនៅលើពិភពលោក ហើយគេធ្លាប់បានប្រទះឃើញ ពួកវាលើកចុងក្រោយបំផុតកាលពីឆ្នាំ១៩៨១ ជាមួយការជឿជាក់ថា ឃ្មុំប្រភេទនេះបានរលាយផុតពូជទៅហើយ។ ប៉ុន្តែពូជឃ្មុំ Wallace ត្រូវអ្នកវិទ្យាសាស្ត្រមួយក្រុមបានរកឃើញពួកវាជាថ្មីម្ដងទៀត កាលពីដើមឆ្នាំ២០១៩ នៅឯតំបន់ព្រៃដាច់ស្រយាលមួយស្ថិតនៅលើកោះ North Moluccas នៃប្រទេសឥណ្ឌូណេស៊ី។
អ្នកវិទ្យាសាស្ត្រមួយក្រុមតូចនេះ ទទួលបានការគាំទ្រពីអង្គការ Global Wildlife Conservation មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលដំណើរការគម្រោងស្វែងរកប្រភេទ សត្វដែលផុតពូជ ព្រមទាំងក្រុមអ្នកជំនាញមកពីប្រទេសដទៃផងដែរ។ ជាលទ្ធផលគឺជារឿងភ្ញាក់ផ្អើលបំផុតដែលបានរកឃើញពួកវាវិញ ប៉ុន្តែគេមិនទាន់អាចកំណត់អំពីចំនួនពួកវាបានឡើយនាពេលនេះ។
គួរបញ្ជាក់ថា សត្វឃ្មុំយក្ស Wallace ធ្លាប់បង្ហាញខ្លួននៅតំបន់ជុំវិញប្រទេសឥណ្ឌូណេស៊ី នៅចន្លាំងឆ្នាំ១៨៥៤ និងឆ្នាំ១៨៦២ ហើយវាមិនត្រូវបានគេប្រទះឃើញឡើយរហូតដល់ឆ្នាំ១៩៨១ ទើបអ្នកវិទ្យាសាស្ត្រខាងសត្វល្អិតឈ្មោះ Adam Messer បានកំណត់ទីតាំងចំនួន ០៣កន្លែង ដែលពួកអាចវាស្ថិតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕