(ញូវដែលី-ឥណ្ឌា)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកម្មវិធីពិព័រណ៍ និងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ចាបពីថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
នៅក្នុងសុន្ទរកថារបស់ លោករដ្ឋមន្ដ្រី ដែលបានថ្លែងក្នុងកម្មវិធីបើកព្រឹត្តិការណ៍នោះ បានសំដែងនូវសេចក្តីសោមនស្សរីករាយ ការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា ដែលបានអញ្ជើញលោក និងគណៈប្រតិភូកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិសេសនេះ ដែលមានការចូលរួមពីសហគមន៍សំខាន់ៗ រួមទាំងពាណិជ្ជករដែលមានភាពជោគជ័យ សហគ្រិនក្នុងវិស័យផ្សេងៗ និងមន្រ្តីជាន់ខ្ពស់មកពីប្រទេសអាស៊ាន និងប្រទេសឥណ្ឌា។
រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានកត់សម្គាល់ថា ទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌា បានរីកចម្រើនយ៉ាងឆាប់រហ័សពីភាពជាដៃគូសន្ទនា តាមវិស័យក្នុងឆ្នាំ១៩៩២ រហូតដល់ភាពជាដៃគូសន្ទនាពេញលេញមួយ នៅខែធ្នូឆ្នាំ១៩៩៥។ ទំនាក់ទំនងនេះ ត្រូវបានកើនឡើងខ្ពស់ដល់កំរិតកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា នៅឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ហើយជាមួយកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ នៅទីក្រុងញូដែលី ប្រទេសឥណ្ឌា មេដឹកនាំបានអនុម័តតម្លើងទំនាក់ទំនងនេះមួយកម្រិតទៀត ទៅជាដៃគូយុទ្ធសាស្រ្ត។
ក្នុងន័យនេះ ដើម្បីជំរុញបន្ថែមការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន-ឥណ្ឌា ឆ្ពោះទៅរកការសម្រេចបានទំហំពាណិជ្ជកម្ម២០០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២២ ដែលជាគោលដៅដែលបានកំណត់ លោកបានគូសបញ្ជាក់ថា ការបញ្ចប់ការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាស៊ាន និងឥណ្ឌា ដោយការចរចានេះសង្ឃឹមថា ត្រូវបានបញ្ចប់នៅឆ្នាំនេះ តាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ។
លោករដ្ឋមន្ត្រី ក៏បានលើកពីទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគដោយផ្ទាល់ (FDI) ពីឥណ្ឌាចូលមកអាស៊ាន បានកើនឡើងបីដងចាប់តាំងពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា (AIFTA) បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១០។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីអាស៊ាន និងឥណ្ឌា សរុបមានចំនួន៧៣.៥៩ពាន់លានដុល្លារ ដែលកើនឡើង២៥.៥% ធៀបនឹងឆ្នាំមុនគឺ ៥៨.៦ពាន់លានដុល្លារ។ ក្នុងអំឡុងពេលដូចគ្នានេះដែរ លំហូរវិនិយោគផ្ទាល់ ពីបរទេស (FDI) ពីឥណ្ឌាចូលមកអាស៊ាន បានកើនឡើងពី ១.៤៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់១.៧៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧។
ក្នុងនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនពីវឌ្ឍនភាពរបស់កម្ពុជាថា ដោយមានសន្តិភាព និងស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច កម្ពុជាសម្រេចបាននូវ អត្រាកំណើនប្រចាំឆ្នាំប្រហែល៧% នាទសវត្សរ៍ចុងក្រោយនេះដែលធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយ ក្នុងពិភពលោក។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក នៅឆ្នាំ២០១៦ កម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយតាមផែនការរបស់រាជរដ្ឋាភិបាល គឺកម្ពុជានឹងក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមាន ប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ប្រទេសកម្ពុជា ក៏បានដាក់បញ្ចូលវិស័យពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ នៅក្នុងយុទ្ធសាស្ត្រចតុកោណទី៤ នៃអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ សមាហរណកម្ម និងសេរីភាវូបនីយកម្ម នៅតែជាគោលដៅដ៏សំខាន់របស់កម្ពុជា ហើយក្រសួងពាណិជ្ជកម្ម បាននិងកំពុងដើរតួនាទីស្នូល ក្នុងការសម្រេចចក្ខុវិស័យនេះ។
ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រួលពាណិជ្ជកម្ម ក្រសួងបានបង្កើតឲ្យមានការដាក់ពាក្យ និងចុះបញ្ជីអាជីវកម្មតាមអនឡាញ។ ក្រសួងក៏បានលុបបំបាត់ថ្លៃគ្រប់គ្រង ការនាំចេញ (EMF) និងបានចេញបទបញ្ញត្តិ ដែលអនុញ្ញាតឲ្យនាំចេញទៅសហភាពអឺរ៉ុប ន័រវ៉េ ស្វីស និងទួរគីដោយគ្មាន CO ទាំងអស់នេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តន៍ TFA របស់អង្គការពាណិជ្ជកម្មពិភពលោក។
ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម នាពេលថ្មីៗនេះ កម្ពុជាបានកែសម្រួលនីតិវិធីត្រួតពិនិត្យ និងបញ្ចេញទំនិញនៅតាមព្រំដែន ដើម្បីកាត់បន្ថយការពន្យារពេល និងតម្លៃនៃការនាំចេញ-នាំចូល។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវផែនការកាត់បន្ថយតម្លៃទឹក និងអគ្គិសនីសម្រាប់ការប្រើប្រាស់ ក្នុងវិស័យឧស្សាហកម្ម និងការដឹកជញ្ជូនឲ្យមានតំលៃទាប។
ប្រទេសកម្ពុជា ក៏អនុវត្តច្បាប់វិនិយោគដែលមានស្រាប់ ដែលធានានូវការលើកទឹកចិត្តជាច្រើន សម្រាប់វិនិយោគិន។ រាល់បទប្បញ្ញត្តិទាំងអស់នេះ និងកំណែទម្រង់ចុងក្រោយបំផុត គឺផ្តល់ផលប្រយោជន៍ដល់វិនិយោគិនបរទេស ដែលចាត់ទុកកម្ពុជាថា ជាគោលដៅវិនិយោគរបស់ពួកគេ៕