(ភ្នំពេញ)៖ លោក ងិន សៅរ័ត្ន នាយប្រតិបត្តិអង្គការជនពិការកម្ពុជា បានលើកឡើងថា ផែនការមេ នៃ វិស័យពិការភាពអាស៊ាន ឆ្នាំ ២០២៥ គឺជាផែនទីគោលក្នុងការជំរុញ និង បញ្ជ្រាបសិទ្ធិជនមានពិការភាពទៅក្នុងតំបន់អាស៊ាន។ លោកបានបន្តថា តាមរយៈផែការនេះធ្វើឲ្យ វិស័យពិការភាព កាន់តែត្រូវបានយកចិត្តទុកដាក់ កាន់តែទូលំទូលាយ និង គ្របដណ្តប់គ្រប់ជ្រុងជ្រោយ លើសអ្វីដែលធ្លាប់មានពីមុនមកបន្ថែមទៀត។
លោក ងិន សៅរ័ត្ន នាយប្រតិបត្តិអង្គការជនពិការកម្ពុជា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ ស្តីពីការអនុវត្តផែនការមេសាអាស៊ាន ឆ្នាំ២០២៥ រៀបចំនៅធ្វើនៅទីស្នាក់ការអង្គការជនពិការកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៩ ។
នាយប្រតិបត្តិអង្គការជនពិការកម្ពុជា បានបន្ថែមឲ្យដឹងថា នេះគឺជាវឌ្ឍនភាពមួយកម្រិតទៀតសម្រាប់វិស័យពិការភាព ដោយសារពេលនេះ វិស័យពិការភាព មិនមែនគ្រាន់តែត្រូវបានយកចិត្តទុកដាក់ជាលក្ខណៈជាតិឡើយ គឺពេលនេះ ត្រូវបានពង្រីកទៅជាលក្ខណៈតំបន់តែម្តង ។
នៅក្នុងឱកាសនោះដែរ លោក ទេព អ៊ុន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា បច្ចុប្បន្ននេះ យើងបានធ្វើសកម្មភាពជាច្រើនជួយដល់ជនមានពិការភាព ឲ្យទទួលបានលទ្ធភាពល្អប្រសើរជាងមុន។ លោកបានបន្ថែមថា ក្រៅពីនោះជនមានពិការភាព ទទួលបានការយកចិត្តដាក់កាន់តែខ្លាំងទាំងវិស័យសង្គមកិច្ច, អប់រំ និងសុខាភិបាល និងវិស័យសំខាន់ៗជាច្រើនទៀត។
អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបន្តថា សព្វថ្ងៃនេះ ពិការភាពរបស់យើងនេះ កាន់តែមានការរីកចម្រើនទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បងប្អូនដែលមានពិការភាព កាន់តែក្លាយទៅជាជនគំរូដ៏ល្អសម្រាប់មនុស្សដែលគ្មានពិការភាពទូទៅ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យពិការភាពនៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់កាន់តែច្រើនពីភាគីពាក់ព័ន្ធ ហើយជាលទ្ធផលត្រូវបានទទួលស្គាល់ជាទូទៅថា ស្ថានភាព នៃ ជនមានពិការមានភាព មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ គឺទាំងស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច អប់រំ សុខភាព និង ការចូលរួមផ្សេងៗ ហើយគ្រាន់តែឆ្នាំ ២០១៨ កន្លងទៅមានជនដែលមានពិការភាពជិត ៦ ពាន់នាក់ត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារទាំងក្នុងស្ថាប័នរដ្ឋ និង ឯកជនជាដើម៕