(កំពង់ឆ្នាំង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យទំនិញតាមផ្ទះលក់ដូរទំនិញ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន ព្រមទាំងបានដុតកម្ទេច ចោលភ្លាមៗតែម្តង។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងឱកាសចុះអង្កេតផ្សារខាងលើ ក្រុមការងារបានធ្វើតេស្តបឋមលើ បន្លែស្ពៃតឿ,ស្ពៃក្រញ៉ាញ់, សណ្តែកកួរ, និងជីរណា លទ្ធផល គឺពុំមានឃើញវត្តមានសារធាតុគីមីហាមឃាត់នោះឡើយ។ ចំណែកភេសជ្ជៈ ក្រុមការងារបានរកឃើញផលិតផលហួសកាលបរិច្ឆេទមួយចំនួន សរុបទាំងអស់៣៩P’kgs ស្មើនឹង២៣,២kgs។
ជាមួយគ្នានោះ ក្រុមការងារបានណែនាំ (ផ្ទាំងPoster) ដល់បងប្អូន អាជីវករឱ្យបានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព និងការដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវតាមស្តង់ដា និងមានអនាម័យ។ នៅក្នុងនោះដែរ មន្រ្តីជំនាញបានស្វែងរកផលិតផល តៅហ៊ូ ពងមាន់, តៅហ៊ូមូល, តៅហ៊ូប្រអប់ ប៉ុន្តែរកមិនមានលក់នៅលើទីផ្សារទេ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានណែនាំអាជីវករឱ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទ ទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយ ឡែកៗ ពីគ្នាចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់ផងដែរ។
ទន្ទឹមនឹងនេះដែរ ក្រុមការងារកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានចុះតាមដាន និងពិនិត្យការលក់រាយនូវប្រេងឥន្ធនៈស្ថានីយ៍ចំនួន០៤ទីតាំង រីឯតម្លៃលក់រាយនោះ គឺសមស្របតាមតម្លៃដែល ក្រសួងបានកំណត់៕