(ព្រះវិហារ)៖ មន្ត្រីជាន់ខ្ពស់យោធភូមិភាគទី៤របស់កម្ពុជា និងមន្ត្រីជាន់ខ្ពស់យោធាភូមិភាគទី២ របស់ថៃ បានប្តេជ្ញារក្សាភាពស្ងប់ស្ងាត់តាមខ្សែរបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ និងប្តេជ្ញាជួបពិភាក្សាគ្នារាល់ពេលមានបញ្ហាកើតឡើងនៅតាមបន្ទាត់ព្រំដែន។
ការប្តេជ្ញាចិត្តក្នុងការរក្សាភាពស្ងប់ស្ងាត់ តាមខ្សែរបន្ទាត់ព្រំដែនរបស់មន្ត្រីជាន់ខ្ពស់យោធា នៃប្រទេសទាំង២នេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងកិច្ចប្រជុំរវាងយោធ ភូមិភាគទី៤ របស់កម្ពុជា និងភូមិភាគ២របស់ថៃ នៅច្រកអានសេះ ក្នុងទឹកដីកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរដែនដីខេត្ត និងស្រុកនៅជាប់ព្រំដែន នៃប្រទេសទាំងពីរផងដែរ។
លោកឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា មេបញ្ជាការរងយោធភូមិទី៤ ទទួលបន្ទុកការងារព្រំដែន បានថ្លែថា នៅក្នុងកិច្ចប្រជុំនោះ យើងស្នើសុំកុំឲ្យមានការផ្ទុះអាវុធនៅតាមបន្ទាត់ព្រំដែនតទៅទៀត ដែលកន្លងមក មានការបាញ់លេងរប៉េះរប៉ោះ ដូចជា បាញ់សត្វ និងរាលកៃជាដើម។ ចំពោះការដើរល្បាតរបស់ភាគីថៃ ក៏ដូចជា ការធ្វើសមយុទ្ធនៅតាមបន្ទាត់ព្រំដែន សុំឲ្យជូនដំណឹងមកភាគីកម្ពុជា ឱ្យបានដឹងផងដែរ។ ចំពោះបញ្ហាផ្ទះមួយនៅមុំ៣ បើភាគីថៃចង់ចូលមក សុំឲ្យជូនដំណឹងមកភាគីកម្ពុជាបានដឹងផងដែរ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សូរ្យ ណារ៉ា ក៏បានស្នើរទៅភាគីថៃថា យោងតាមកត្តាអាកាសធាតុក្តៅខ្លាំង ដែលភាគីកម្ពុជាពេលខ្លះ អាចមានការខ្វះខាតទឹកប្រើប្រាស់នោះ សូមឲ្យភាគីថៃ ជួយផ្តល់ទឹកដូចអ្វើដែលយើងធ្លាប់សហការគ្នាពីមុនមក។ ជាការឆ្លើយតបភាគី យោធាភូមិភាគទី២ថៃ បានឯកភាព យល់ព្រមជាមួយភាគីកម្ពុជា ព្រមទាំងបានប្តេជ្ញារក្សាភាពស្ងប់ស្ងាត់ នៅតាមខ្សែរបន្ទាត់ព្រំដែន ព្រមទាំងបានសន្យាជួបពិភាក្សាគ្នារាល់ពេលមានបញ្ហាកើតឡើងជាយថាហេតុ។
ដោយឡែកលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ក៏បានលើកឡើងពីជំហរក្នុងការជំរុញការបើកច្រកអានសេះ ជាច្រកទ្វារអន្តរជាតិនៅពេលខាងមុខនេះឆាប់ៗ។ ដោយយោងតាមកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក អភិបាលរងខេត្តព្រះវិហារ ក៏បានជំរុញឲ្យក្រុមការងារតូចទាំង២ ប្រជុំគ្នានៅចុងខែ២នេះផងដែរ។
ភាគីថៃ ក៏បានឯកភាព និងប្រកាន់ជំហរ ក្នុងការជំរុញការបើកច្រកអានសេះនេះ ជាច្រកទ្វារអន្តរជាតិឲ្យបានឆាប់ៗ យោងតាមការព្រមព្រៀងគ្នារបស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំង២៕