(ថៃ)៖ បន្ទាប់ពីបានប្រកាសចាប់ផ្តើម បោះជំហានអាជីវកម្មថ្មីមួយទៀតរបស់ខ្លួន ជាមួយនឹងការដាក់ចេញ គោលដៅថ្មីទៅលើផលិតផលថ្មីចំនួន៤ សំខាន់ៗ ដើម្បីបន្តនូវការពង្រីកគោលដៅ ក្នុងការសម្រេចនូវប្រាក់ចំណេញ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខទៀតនោះ ក្រុមហ៊ុន EPSON ប្រទេសថៃ ក៏បានបង្ហាញនូវសារមួយទៅកាន់អតិថិជន និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ ជាមួយនឹងគម្រោងការពង្រីកអាជីវកម្មរបស់ខ្លួន ឲ្យកាន់តែធំ សម្រាប់ទីផ្សារប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។
លោក Yunyong Muneeongkoltorn អគ្គនាយករបស់ក្រុមហ៊ុន Epson (ប្រចាំប្រទេសថៃ) បានបញ្ជាក់ថា «ក្រុមហ៊ុន Epson រីករាយជាមួយនឹងកំណើន នៃអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារ នៃប្រទេសថៃ ដោយសារតែវាមានការអភិវឌ្ឍទៅលើបច្ចេកវិទ្យា និងផលិតផលឥតឈប់ឈរថែមទៀត ដែលធ្វើឲ្យអតិថិជនកាន់តែទទួលបានផលចំណេញ និងការសន្សំសំចៃខ្ពស់បំផុត។ ក្រុមហ៊ុន បានបញ្ចេញនូវផលិតផលជាច្រើនថ្មីៗ សម្រាប់បំពេញតម្រូវការនៅលើទីផ្សារនាពេលនេះ។ ឧទាហរណ៍ សម្រាប់ម៉ាស៊ីនព្រីនល្បឿនលឿន SureColor F9330 គឺបង្ហាញវត្តមាននៅក្នុងឧស្សាហកម្មកាត់ដេរជាច្រើន»។
សម្រាប់ម៉ាស៊ីនបញ្ចាំងរូបភាពកម្រិតពន្លឺខ្ពស់ (High-Brightness Projectors) គឹមានកម្រិត 6000 ទៅ 15000 Lumens ដែលផ្តោតទៅលើការកម្សាន្ត និងអាជីវកម្មជំនួញខាងក្រៅ។ ទន្ទឹមនឹងនេះទៀត យើងក៏ផ្តល់នូវម៉ាស៊ីនព្រីនល្បឿនលឿន WF-C869R សម្រាប់ក្រុមហ៊ុនសហគ្រាសជាច្រើន SMEs។ ម៉ាស៊ីនព្រីននេះ មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Print Head Technology ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Epson, PrecisionCore និង Replaceable Ink Pack (RIP)។ សម្រាប់ថតនីមួយៗរបស់វាអាចធ្វើការព្រីនបានក្រដាសដល់ទៅ 86000 សន្លឹក។
លោកបន្តថា «ក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃ ក៏បានពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Epson សម្រាប់ទីផ្សារបរទេសផងដែរ ដូចជាប្រទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ និងប៉ាគីស្ថានផងដែរ។ សរុបមក ក្រុមហ៊ុន Epson សម្រេចបាននូវកំណើនដល់ទៅ៦% នៅក្នុងទីផ្សារទាំងនេះ តាមរយៈការបញ្ចេញនូវផលិតផលថ្មីៗទាំងអស់នេះទៅក្នុងទីផ្សារ។ សម្រាប់ម៉ាស៊ីនព្រីន Inkjet Printers ឬ EcoTank នោះ យើងផ្តល់នូវម៉ូដែល L-Series និងម៉ូដែល M-Series សម្រាប់ជាជម្រើសដល់ SOHO (ការិយាល័យតូចៗ ឬការប្រើប្រាស់នៅគេហដ្ឋាន) និងសហគ្រាសជាច្រើន SMEs។ បន្ថែមពីនេះទៀត ការធ្វើទីផ្សាររបស់យើង គឺមានភាពសកម្មខ្លាំងមែនទែន ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើងនោះ ដែលមានទាំងពីម៉ាស៊ីនព្រីន Laser Printers ផងដែរ»។