(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកថា អតីតយុទ្ធជនសុទ្ធតែជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុភូមិក្នុងពេលប្រទេសជួបកលិយុគនៃសង្គ្រាម។ ក្នុងន័យនេះ លោកអគ្គលេខាធិការដែលតែងតែចុះធ្វើសកម្មភាពដោយផ្ទាល់ជាមួយអតីតយុទ្ធជនកម្ពុជា បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធនៅទូទាំងរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជន។
ការក្រើនរំលឹករបស់ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០១៩ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ព្រមទាំងប្រកាសទទួលស្គាល់បន្ថែមនូវប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន រាជធានី ខេត្តទាំង៣។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានយោធភូមិភាគពិសេស នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ កិច្ចប្រជុំប្រចាំឆ្នាំនេះត្រួវបានរៀបចំឡើង តាមទិសយោធភូមិភាគនីមួយៗ ដើម្បីតាមដាន ត្រួតពិនិត្យសកម្មភាពការងារបណ្តាខេត្តចំណុះ និងការអនុវត្តន៍អនុសាសន៍ទាំងឡាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញកន្លងមក។
លោកអគ្គលេខាធិការ គន់ គីម បានវាយតម្លៃដោយមោទនភាពខ្ពស់ ចំពោះការខិតខំប្រឹងប្រែងនិងលទ្ធផលការងារ ដែលសមាគមគ្រប់ថ្នាក់សម្រេចបាន គួរឲ្យកត់សម្គាល់ក្នុងឆ្នាំកន្លងទៅ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ តួនាទី ផលប្រយោជន៍។ ពិសេសបានចូលរួមក្នុងការដោះស្រាយបញ្ហា ការលំបាក និងកាត់បន្ថយភាពក្រីក្ររបស់អតីតយុទ្ធជន។
ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអតីតយុទ្ធជននៅតាមបណ្តារាជធានី ខេត្តហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកឲ្យខិតខំបន្តទៅទៀត។
លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំសមាគមយ៉ាងដូច្នេះ «ត្រូវបន្តបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាលផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ ជាមួយបងប្អូន តាមគ្រួសារ តាមខ្នងផ្ទះនីមួយៗ ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយបញ្ហារបស់បងប្អូនអោយទាន់ពេលវេលា។ ដាច់ខាតមិនត្រូវទុកឲ្យបងប្អូនជួបលំបាក ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ»។
លោកបន្តថា «ជាការពិតការងារ ដែលយើងបានសហការរួមគ្នាអនុវត្តកន្លងមក ដូចជា ការចលនាគ្នាចូលរួមបុណ្យសព ការបើកផ្តល់ប្រាក់មរណសង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គម ឬ ការសាងសង់ផ្ទះជាដើម គឺសុទ្ធតែជាសកម្មភាពសប្បុរសដ៏ប្រពៃ ដែលចាំបាច់ត្រូវអនុវត្តបន្តទៀត»។
លោកអគ្គលេខាធិការក៏បានស្នើឲ្យគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ពង្រឹងកិច្ចសហការ ថែរក្សា និងគ្រប់គ្រងឲ្យបានម៉ត់ចត់នូវដីបម្រុងទុករបស់រដ្ឋដែលមាន២ទីតាំងក្នុងខេត្តនេះ ទប់ស្កាត់ឲ្យបានការរំលោភទន្ទ្រានពីជនខិលខូច ដោយកំណត់ព្រំខណ្ឌច្បាស់លាស់សម្រាប់រៀបចំសហគមន៍អភិវឌ្ឍន៍អតីតយុទ្ធជន។
តាមរបាយការណ៍របស់លេខាធិការដ្ឋាន យោធភូមិភាគពិសេស ឲ្យដឹងថា អតីតយុទ្ធជន ជាសមាជិកសមាគមក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងដែលទ័លក្រ មានចំនួនសរុប ៨៣៣គ្រួសារ។ ក្នុងនោះអ្នកដែលមានដី តែមានផ្ទះមិនសមរម្យចំនួន ១៧៨គ្រួសារ, អ្នកដែលអត់ទាំងដីទាំងផ្ទះចំនួន ៦០០គ្រួសារ និងរស់នៅលើដីសាធារណៈចំនួន ៥៥គ្រួសារ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគម រាជធានី ខេត្ត ធ្វើការត្រួតពិនិត្យម៉ត់ចត់ រកឲ្យឃើញនូវអតីតយុទ្ធជនដែលលំបាកខ្វះខាតពិតប្រាកដ មានប៉ុន្មានគ្រួសារ ត្រូវការចាំបាច់នូវជម្រកស្នាក់នៅសមរម្យ និងប៉ុន្មានគ្រួសារស្ម័គ្រចិត្តទៅតាំងលំនៅនៅខេត្តគោលដៅនានា ដើម្បីសមាគមដោះស្រាយឲ្យសមស្រប។
សូមបញ្ជាក់ថា មកទល់ពេលនេះ ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអតីតយុទ្ធជនទ័លលំបាក ជាសមាជិកសមាគម ក្នុងយោធភូមិភាគពិសេសមានចំនួនសរុប ១១៥ខ្នង។ ក្នុងនោះនៅរាជធានីភ្នំពេញ ១៥ខ្នង, ខេត្តកណ្តាល ៦៤ខ្នង និងខេត្តកំពង់ឆ្នាំង ៣៦ខ្នង៕