(ភ្នំពេញ)៖ លោក សម រង្ស៉ី មេដឹកនាំចលនាសង្រ្គោះជាតិ បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ឱ្យដឹងកាលពីថ្ងៃពុធកន្លងទៅថា ការភ្នាល់របស់លោក ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើសេរីភាពរបស់ លោក កឹម សុខា គឺត្រូវបានចាត់ទុកថាជា «មោឃៈ»។
ការប្រកាសបញ្ចប់ការភ្នាល់នេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអតីតគណបក្សប្រឆាំង ដែលតែងរត់ទៅក្រៅប្រទេសរូបនេះ ក្រឡាស់សម្តីមិនត្រឡប់មកប្រទេសកម្ពុជា តាមការសន្យា ក្រោយពេលរៃអង្គាសថវិកាពីអ្នកគាំទ្រមួយចំនួន នៅក្រៅប្រទេស។
ក្នុងពេលប្រកាសចាត់ទុកការភ្នាល់នេះជាមោឃៈ លោក សម រង្ស៉ី បានលើកហេតុផលដោយមិនសមទំនងថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកកែប្រែលក្ខខន្តិកៈភ្នាល់ទៅវិញ។ លោក សម រង្ស៉ី បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «គាត់ (សម្តេចតេជោ ហ៊ុន សែន) បានក្រឡាស់ពាក្យសម្តីរបស់គាត់ ហើយកែប្រែលក្ខខណ្ឌនៃការភ្នាល់គ្នានេះ ដោយដាក់បញ្ចូលលក្ខខណ្ឌថ្មីមួយ គឺការលើកលែងទោសពីព្រះមហាក្សត្រ ដែលលក្ខខណ្ឌនេះ មិនមានចែងនៅក្នុងការភ្នាល់គ្នាពីដើមទីឡើយ។ ការកែប្រែលក្ខខណ្ឌជាឯកតោភាគី ពីសំណាក់ភាគីមួយ ក្នុងការភ្នាល់គ្នាណាមួយ ធ្វើឲ្យការភ្នាល់គ្នានោះ ក្លាយទៅជាមោឃៈ»។
ការបបួលភ្នាល់របស់លោក សម រង្ស៉ី ជាមួយសម្តេចតេជោ ហ៊ុន សែន បានកើតឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយលោក សម រង្ស៉ី បានសរសេរលើបណ្តាញសង្គម Facebook កំណត់ថា ក្រោមសម្ពាធអន្តរជាតិសម្តេច ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា អាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ឬក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩» ហើយថាបើសិនជាលោកភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន ពោលគឺ លោក កឹម សុខា មិនត្រូវបានដោះលែងអំឡុងពេលនេះទេ លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ តែបើលោកឈ្នះគឺសម្តេចតេជោត្រូវចុះចេញពីតំណែង។ ភ្លាមៗបន្ទាប់ពីមានការបបួលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួល និងបានស្នើឱ្យ Fresh News ចូលរួមធ្វើជាសាក្សី។
ខណៈដែលឱសានវាទនៃការភ្នាល់ជិតដល់ទីបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលវាយកូនហ្គោល កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានបង្ហោះសារខ្លីមួយ រំលឹកអ្នកដែលភ្នាល់ជាមួយសម្តេច កុំឱ្យព្យាយាមគេចខ្លួនមិនគោរពតាមការភ្នាល់។
ដោយទំនងដឹងជាមុនថា លោក សម រង្ស៉ី នឹងមិនត្រឡប់មកកម្ពុជាដូចអ្វីដែលលោកបានសន្យានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានតែងនិពន្ធបទចម្រៀងមួយចំអកឱ្យ លោក សម រង្ស៉ី រួចជាស្រេច។ ទំនុកចម្រៀងនោះ បានសរសេរថា «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ (ពីរដង) សង្សារបងអើយដល់ពេលហើយឬនៅ?។ ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ (ពីរដង) ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។
កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាមរយៈវិទ្យុអាស៊ីសេរី (RFA) លោក សម រង្ស៉ី ក៏បានប្រកាសជាសាធារណៈថា លោកនឹងមិនវិលត្រឡប់មកកម្ពុជា ទៅតាមការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នោះឡើយ ប៉ុន្តែនឹងត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ នៅពេលដែលមានទណ្ឌកម្មពីអន្តរជាតិធ្ងន់ធ្ងរ ដែលមិនអាចចូលនៅពេលនេះទេ៕