Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងរាប់រយគ្រួសារ ខ្វះទឹកប្រើប្រាស់ជាង១ខែមកហើយ, កម្លាំងនគរបាល បន្តដឹកទឹកចុះចែកដល់តាមផ្ទះ

22-02-2019 11:20

(កោះកុង)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង និងលោកឧត្តមសេនីយ៍ត្រី ញ៉ែម តារា ស្នងការរងខេត្តកោះកុង ​បានដឹកនាំកម្លាំងនគរបាលខេត្ត ​សហការ​ជាមួយលោកចៅសង្កាត់ មេភូមិ ចុះចែកទឹកជូនប្រជាពលរ​ដ្ឋដែលមានផលប៉ះពាល់ កង្វះទឹកប្រើប្រាស់​ដែលស្ថិតនៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកឧត្តមសេនីយ៍ត្រី ញ៉ែម តារា បានថ្លែងឲ្យដឹងថា លោកបានដឹកនាំកម្លាំងនគរបាល និងរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង បានចុះចែកទឹកជូនប្រជាពលរដ្ឋ នៅចំណុចភូមិ៤ សង្កាត់​ដងទង់ ក្រុងខេមរភូមិន្ទ ដែលកំពុងខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ រយៈពេល១ខែមកហើយ។

លោក ញ៉ែម តារា បានបន្តថា ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ សំឃិត វៀន ​បានដាក់បញ្ជា​ឲ្យដឹកទឹកចែកជូនប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់ដែលពួកគាត់រស់នៅ ទីតាំងខាងលើនេះ មានរយៈពេលជាច្រើនថ្ងៃមកហើយ ដែលធ្វើឲ្យពួកគាត់​ជួបផលលំបាកយ៉ាងខ្លាំង ត្រូវសន្សំសំចៃទឹក ដែលបានស្តុកទុក នៅក្នុងពាង ឬអាង បន្តិចបន្តួច​ដែលពួកគាត់រស់តាមតំបន់មាត់ព្រែកខ្វះទឹកប្រើប្រាស់ទៀតផង​។

លោកបន្ថែមថា ​ទាក់ទិននឹងបញ្ហា​កង្វះទឹកស្អាតប្រើប្រាស់នេះ អាជ្ញាធរ​ត្រូវរិះរកគ្រប់មធ្យាបាយគ្រប់កាលៈទេសៈ ដើម្បីធ្វើការដោះស្រាយជូនពលរដ្ឋ ព្រោះទឹកមានសារៈសំខាន់ណាស់ក្នុងក្រុមគ្រួសារនីមួយៗ៕​