(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩នេះ ការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានបញ្ជូនជនបង្កឈ្មោះ ព្រុំ ប៊ុនណាត អាយុ៤៨ ឆ្នាំមុខរបរ បើកបររថយន្ដមានទីលំនៅក្នុងក្រុមហ៊ុន CPAC ដែលធ្វេសប្រហែសបើកបុកម៉ូតូរះម៉ូតូចំនួន៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់ និងរបួសសរុប៤នាក់ (ស្រី២នាក់) ទៅតុលាការដើម្បីបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។
មន្រ្តីនគរបាលចរាចរ បានឱ្យដឹងថា ជនបង្កមានឈ្មោះ ព្រុំ ប៊ុនណាត ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត ភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពុងសៀម ខេត្ដកំពង់ចាម។ ជាអ្នករថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន CPAC ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 5A-0143 បានដាច់ហ្វ្រាំងបុកម៉ូតូរះម៉ូតូចំនួន៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យ ស្លាប់ម្នាក់ និងរបួស៤នាក់ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបមុខវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម៉ូតូរងគ្រោះរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-0959, ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-2991, ម៉ូតូ MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-7127 និងម៉ូតូម៉ាកហុងដាកុបជ្រុង សេ៧០ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1AS-3072។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុខ សែល អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យបឹងត្របែក ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាអ្នកបើកម៉ូតូម៉ាក MSX បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ ហើយក៏ដឹកសពយកមកស្រុកកំណើតវិញ។
ដោយសារគ្រោះថ្នាក់មួយនេះ និងទទួលរងការរិះគន់ជាបន្តបន្ទាប់ ចំពោះការអនុញ្ញាតឲ្យរថយន្តធុនធំ និងរថយន្តក្រឡុកស៊ីម៉ង់ត៍ចូលក្រុងខុសម៉ោងរដ្ឋបាល និងខុសតម្រាយផ្លូវនោះ អភិបាល រាជធានីភ្នំពេញលោក ឃួង ស្រេង និងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឲ្យសមត្ថកិច្ចជំនាញចុះចាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ បានជាច្រើនគ្រឿង ផងដែរកាលពីម្សិលមិញ។
លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាកម្លាំងនគរបាលចរាចរណ៍ ត្រូវចាប់រាល់រថយន្ដក្រឡុងស៊ីម៉ង់ត៍ទាំងឡាយណា ដែលបើកបរចូលរាជធានីភ្នំពេញ ដោយខុសម៉ោង និងខុសតម្រាយផ្លូវដែលបានកំណត់ដោយ រដ្ឋបាលរាជធានីភ្នំពេញ។
បើតាមលោក ប៉ែន ឃុន ក្រោយទទួលបានបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះចាប់រថយន្ដក្រឡុកស៊ីម៉ង់ត៍ បានចំនួន១០គ្រឿងហើយដែលល្មើស នៅម្ដុំច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ។ នាយការិយាល័យរូបនេះ បានបន្ដថា ប្រតិបត្តិការនេះនឹងត្រូវបន្ដធ្វើដូចភ្លៀងរលឹម ដើម្បីអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។
ជាក់ស្ដែងក្រោយការចាប់ឃាត់ លោក ប៉ែន ឃុន បានចុះទៅអប់រំផ្សព្វផ្សាយ និងធ្វើការផាកពិន័យទៅតាមការកំណត់របស់ច្បាប់។ លោកបន្ថែមថា ប្រសិនបើមានលើកក្រោយទៀតនោះ នឹងចាត់វិធានការកាន់តែធ្ងន់ធ្ងរជាងនេះ ហើយលោកអះអាងថា ដោយសារមានការដ្ឋានជាច្រើនក្នុងរាជធានីភ្នំពេញ ការអនុញ្ញាតឲ្យរថយន្ដក្រឡុកស៊ីម៉ង់ត៍ចូលនេះ ត្រូវបានកំណត់ដោយច្បាស់លាស់ទាំងពេលវេលា និងតម្រាយផ្លូវ ពោលមិនអាចចេញចូលតាមចិត្តបាននោះទេ។
ការដាក់ចេញនូវបទបញ្ជាម្ដងនេះ ត្រូវបានប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គម សង្ឃឹម និងជឿជាក់ថា អាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តនូវវិធានការណ៍នេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈរាល់ដងគេសង្កេតឃើញថា ការអនុវត្តការងារនេះនៅខ្វះចន្លះនៅឡើយ៕