(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ការប្រឡូកចូលក្នុងសង្គមរបស់ស្រ្ដីកម្ពុជា កើនឡើងគួរឲ្យកត់សំគាល់ ការកើនឡើងនេះបណ្ដាលមកពីស្រ្ដីភាគច្រើនយល់ដឹងអំពីភាពក្លាហាន និងហ៊ានប្រឈមមុខគ្រប់បញ្ហាទាំងអស់។ ប៉ុន្ដែក្នុងនោះក៏មានស្រ្ដីមួយចំនួន នៅតែមិនហ៊ានប្រឡូកចូលក្នុងសង្គមដដែល ព្រោះថា ពួកគាត់មិនទាន់យល់ដឹងច្បាស់ និងមានភាពខ្លាចច្រើន។
ហេតុដូច្នេះហើយ ដើម្បីលើកកម្ពស់ស្រ្ដី ឲ្យមានភាពក្លាហានក្នុងការប្រឈមមុខ និងប្រឡូកក្នុងសង្គម, លោកស្រី គង់ សូរីតា ម្ចាស់ក្លឹប Be Your Own Hero ដែលជាក្លឹបបណ្ដុះបណ្ដាលភាពក្លាហានស្រ្ដី និងជាសហគ្រិនឆ្នើមម្នាក់ បានប្ដេជ្ញាចិត្តថា នឹងបន្ដចូលរួមបណ្ដុះបណ្ដាល និងលើកទឹកចិត្តបន្ថែមទៀតដល់ស្រ្ដី ដើម្បីឲ្យមានភាពក្លាហានក្នុងការប្រឡូក្នុងសង្គម។
អ្នកស្រី គង់ សូរីតា ឲ្យដឹងថា «ខ្ញុំប្ដេជ្ញាចូលរួមលើកកម្ពស់ការយល់ដឹងដល់ស្រ្ដីបន្ថែមទៀត តាមរយៈការបណ្ដុះបណ្ដាលនានា។ ជាក់ស្ដែងដូចការបង្កើតក្លឹបនេះ Be Your Own Hero នេះគឺដោយសារតែមើលឃើញពីភាពលំបាក របស់ស្រ្ដីមួយចំនួនដែលមិនហ៊ានប្រឈមមុខ និងប្រឡូកក្នុងសង្គមខ្មែរ»។
អ្នកស្រីបន្ដថា ជាក់ស្ដែងនៅកម្ពុជាឃើញថា មានពលរដ្ឋជាស្ត្រីមួយចំនួនត្រូវបានរារាំង ក្នុងការចូលរួមចំណែកក្នុងសង្គម, នយោបាយ, សេដ្ឋកិច្ច, វប្បធម៌ ជាជាងបុរស។ កត្តាទាំងនេះហើយដែលធ្វើឲ្យ ស្រ្ដីនៅតែមានភាពខ្លាចរអាក្នុងការចូលក្នុងសង្គម ប៉ុន្ដែស្រ្ដីមួយចំនួនដែលបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលរបស់ក្លឹប Be Your Own Hero គឺពួកគាត់មានភាពក្លាហានជាងមុនឆ្ងាយណាស់។
អ្នកស្រ្ដីថា ក្លឹប Be Your Own Hero ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ហើយគោលបំណងធំក្នុងការបង្កើតក្លឹបនេះ គឺចូលរួមលើកកម្ពស់ភាពជាស្ត្រី លើកទឹកចិត្តឲ្យពួកគាត់មានភាពក្លាហាន ក្នុងការបញ្ចេញសំឡេងរបស់ស្ត្រី ពិសេសស្ថាបនាពួកគាត់ឲ្យក្លាយជា អ្នកដឹកនាំស្ត្រីនៅកម្ពុជានាពេលអនាគត។
សូមបញ្ជាក់ថា ក្លឹប Be Your Own Hero បានរៀបចំសកម្មភាពមួយចំនួន ដើម្បីសម្រេចគោលបំណងរបស់ខ្លួនគឺ៖ លើកកម្ពស់សក្តានុពលនៃ ស្រ្តីវ័យក្មេងឲ្យក្លាយជាស្ត្រី មានភាពជាមេដឹកនាំនាពេលអនាគត, ក្លឹបបានបង្កើននូវជំនាញទាំងផ្នែកទន់ និងជំនាញផ្នែករឹង ដល់ពួកគេតាមរយៈការចែករំលែក និងរៀនសូត្រពីគ្នារវាងគ្រូបង្វឹក និងសមាជិក, ក្លឹបនឹងរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗ ដើម្បីដុសខាត់ភាពខ្សោយ របស់ពួកគេឲ្យក្លាយជាភាពឆ្នើម និងជំរុញពួកគេឲ្យកាន់តែមាន ភាពរីកចម្រើនទ្វេឡើង៕