(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំ គម្រោងបញ្ជរតែមួយជាតិ និងជាប្រធានក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញបើកកិច្ចប្រជុំលើកទី២ របស់ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ នៅសណ្ឋាគារសាន់វ៉េ។
កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសមាសភាពអនុប្រធាន និងសមាជិកនៃក្រុមអនុវត្តគម្រោង ដែលជាមន្រ្តីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធនាគារជាតិនៃកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ អ្នកជំនាញនៃក្រុមហ៊ុនជាប់កិច្ចសន្យាទទួលអនុវត្តគម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករ សរុបប្រមាណចំនួន៦០នាក់។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសិក្ខាសាលា ស្តីពីការបង្ហាញមុខងារប្រព័ន្ធ (System Demonstration) ពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត នៃប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ បានប្រព្រឹត្តទៅរយៈពេលមួយព្រឹក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺតាមដានវឌ្ឍនភាព ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ និងដើម្បីបន្តពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើការងារពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២។ ទន្ទឹមនេះ កិច្ចប្រជុំ ក៏បានពិនិត្យការបង្ហាញអំពីមុខងារ នៃប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២នេះ ដែលក្រុមហ៊ុន VCC បានអភិវឌ្ឍរួច ស្របទៅនឹងការអនុវត្តល្អជាអន្តរជាតិ។
លោកបណ្ឌិត គុណ ញឹម បានវាយតម្លៃខ្ពស់អំពីលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងបានស្នើឱ្យតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ត្រៀមខ្លួន និងរៀបចំដើម្បីធ្វើការសាកល្បងប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២នេះ ដែលនឹងចាប់ផ្តើមអំឡុងចុងខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ និងបានស្នើឱ្យក្រុមការងារពិនិត្យទិដ្ឋភាពច្បាប់ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី២។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានលើកឡើងពីការណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការស្នើជំរុញពន្លឿនការងារអភិវឌ្ឍន៍ ប្រព័ន្ធបញ្ជរតែមួយជាតិ ឲ្យបញ្ចប់បានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យទាន់សភាពការណ៍នៃការកែទម្រង់ថ្មីៗ ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មនៅតាមព្រំដែន។
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានសហការ និងការគាំទ្រជាវិជ្ជមាននាពេលកន្លងមក និងបានណែនាំឱ្យសមាជិកនៃក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិទាំងអស់ បន្តប្រឹងប្រែងចូលរួមសហការ ឱ្យបានសកម្មបន្ថែមទៀត ដើម្បីគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ អាចសម្រេចបានតាមពេលវេលា ដែលបានគ្រោងទុក សំដៅសម្រួលពាណិជ្ជកម្មបន្ថែមទៀត។
បញ្ជរតែមួយជាតិ គឺជាកន្លែងដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនិងដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍និងសំណុំឯកសារនៅចំណុចចូលតែមួយសម្រាប់បំពេញនូវរាល់បទប្បញ្ញត្តិដែលតម្រូវ ពាក់ព័ន្ធនឹងការនាំចេញ នាំចូល និងការឆ្លងកាត់។ សម្រាប់ពត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គម្រូទិន្នន័យនឹងត្រូវបានឲ្យដាក់ស្នើតែម្តងប៉ុណ្ណោះ។ គោលដៅសំខាន់បំផុតនៃ ប្រព័ន្ធ បញ្ជរតែ មួយ គឺការ ពង្រឹង ទំនាក់ទំនង រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G) រដ្ឋាភិបាលនិងធុរជន (G2B) និង ធុរជននិងធុរជន (G2G)៕