(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានថតនៅក្នុងការិយាល័យធ្វើការរបស់សម្តេចនៅក្នុងគេហដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ជាមួយការបង្ហោះរូបភាពផ្អែមល្ហែមចំនួន៤សន្លឹកនេះទៅសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងក្នុងន័យលេងសើចផងដែរថា ថ្ងៃនេះសម្តេចមានរាសីខ្ពស់ព្រោះបានឧត្តមភរិយាចូលមកថតដល់ក្នុងបន្ទប់ធ្វើការ។ ក្រៅពីការបង្ហាញរូបភាព និងសារនេះទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ឆ្លៀតរៀបរាប់ពីសកម្មភាពមួយចំនួនរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។
សម្តេចតេជោ បានរៀបរាប់យ៉ាងដូច្នេះ «ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើងដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង។ សុំទោសពេលណាខ្ញុំពិនិត្យ និងចុះហត្ថលេខាលើឯកសារនៅផ្ទះខ្ញុំតែងស្លៀកខោជើងខ្លីនិងអាវដៃខ្លី»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបន្តថា «កូនៗចៅៗគេនៅផ្ទះរបស់គេ និងមានការងារដែលត្រូវធ្វើសម្រាប់កូនៗ ឯចៅៗទៅសាលារៀន។ តា និងយាយនៅផ្ទះតែ២នាក់ពេលណាខ្ញុំចេញទៅធ្វើការយាយនៅផ្ទះម្នាក់ឯង។ ពេលណាយាយចេញទៅធ្វើការខ្ញុំនៅផ្ទះម្នាក់ឯង។ ពេលចេញទៅធ្វើការទាំងអស់គ្នាផ្ទះនេះអត់ម្ចាស់នៅទេ។ រាសីឡើងទាំងយាយទាំងតានៅផ្ទះទាំងអស់គ្នាហើយយាយមកថតរូបក្នុងការិយាល័យ ដែលខ្ញុំយករូបថតនេះបង្ហោះ Facebook មិនឱ្យគាត់ដឹង»៕