(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅជេម សុខ ដែលជាអ្នកអត្ថាធិប្បាយលើបញ្ហាសង្គម និងនយោបាយដ៏មានភាពប៉ិនប្រសព្វមួយរូប បានមើលឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនពឹងផ្អែកតែលើលទ្ធិប្រជាធិបតេយ្យដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ។ តែវាទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាចម្បងៗមួយចំនួន។
ក្នុងវីដេអូផ្សាយផ្ទាល់លើបណ្តាញសង្គម Facebook ដែលមានអ្នកគាំទ្រយ៉ងច្រើននោះ លោក សុខ សុគន្ធ បានលើកឡើងថា បញ្ហាដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាឲ្យកាន់តែខ្លាំងក្លាយនោះមានដូចជា៖ កាត់បន្ថយការរំលោភជិះជាន់, អនុវត្តន៍ច្បាប់ និងផ្តល់យុត្តិធម៌សង្គមឲ្យបានច្រើន, យកចិត្តទុកដាក់ចាប់តាំងពីកសិកម្ម សិប្បកម្ម ឧស្សាហកម្មថ្នាក់ទៀប និងថ្នាក់កណ្តាល, ពង្រីកទីផ្សារ, លើកគុណភាពផលិតផល, យកចិត្តទុកដាក់លើការវេចខ្ចប់ និង ដឹកជញ្ជូន, តម្កល់តម្លៃទឹកប្រាក់ដោយធនាគារជាតិនៃកម្ពុជា បង្កើតនូវគោលនយោបាយច្បាស់លាស់ធានាស្ថេរភាពតម្លៃប្រាក់រៀល និងប្រាក់ដុល្លារ។
អ្នកអត្ថាធិប្បាយដែលជាអ្នកជំនួញមួយរូបនៅលើទឹកដីអាមេរិករូបនេះ ក៏បានជំរុញឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធ, កាត់បន្ថយជាអតិបរមាលើសហជីពនយោបាយ ដោយលុបចោលសហជីពមួយចំនួន, ពង្រឹងពង្រីកគុណភាពការងាររបស់ក្រសួងការងារ និងការពារកុំឲ្យក្រសួងនេះមានអំពើពុករលួយ។
លោក សុខ សុគន្ធ ក៏ស្នើឲ្យរាជរដ្ឋាភិបាលពិចារណាលើថ្ងៃឈប់សម្រាកផងដែរ ដោយមិនត្រូវឲ្យមានថ្ងៃឈប់សម្រាកច្រើនពេកទេ ព្រោះនឹងនាំឲ្យអ្នកវិនិយោគពិចារណាលើបញ្ហានេះ។ លោកថា កម្ពុជាដែលមានថ្ងៃឈប់សម្រាកច្រើនជាងគេនេះ នឹងមិនអាចប្រកួតប្រជែងលើផលិតកម្មជាមួយប្រទេសជិតខាងបាននោះឡើយ។
ការពង្រឹងនូវថាមពលអគ្គិសនី គឺជាកត្តាចាំបាច់ផងដែរសម្រាប់លោក សុខ សុគន្ធ។ លោក សុគន្ធ លើកឡើងថា តម្លៃអគ្គិសនីកាន់តែទាបវានឹងធ្វើឲ្យតម្លៃចង្វាក់ផលិតកម្មកាន់តែទាបលទ្ធភាពប្រកួតប្រជែងតម្លៃទំនិញលើទីផ្សារបានកាន់តែខ្ពស់។
សូមស្តាប់ការបញ្ជាក់របស់លោក សុខ សុគន្ធ តាមរយៈវីដេអូផ្សាយលើបណ្តាញសង្គម Facebook៖