(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង ជាមួយអង្គការចំនួន៣ព្រមៗគ្នា ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពគ្រួសារក្រីក្រនៅកម្ពុជា និងជួយឲ្យបណ្តុះបណ្តាលផ្នែកសិក្សាឲ្យកុមារកាន់តែទទួលបានការអប់រំល្អប្រសើរជាងមុន ជាពិសេសគឺសម្រាប់កុមារ និងយុវជនក្រីក្រ នៅតាមតំបន់ដាច់ស្រយាល និងតាមទីជនបទមួយចំនួននៅប្រទេសកម្ពុជា។ អង្គការទាំង៣ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច រួមមាន អង្គការ Flame Cambodia អង្គការបុត្តាភិបាលដើម្បីវឌ្ឍន៍សង្គមកម្ពុជា ICS-SP អង្គការប្រភពទឹកនៃក្តីសង្ឃឹម (Fountian Of Hope)។ ពិធីចុះ MoU នេះបានរៀបចំឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសង្គមកិច្ច។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងខាងលើ មានការអញ្ជើញចូលរួមពី លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ថ្នាក់ដឹកនាំ ពីអង្គការទាំង៣ខាងលើ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតចូលរួមផងដែរ។
នៅក្នុងឱកាសនោះ លោក តូច ចាន់នី បានអរគុណទៅដល់ថ្នាក់ដឹកនាំ និងប្រធានមន្ទីររាជធានីខេត្តពាក់ព័ន្ធជាពិសេស ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ដែលបានសហការអស់កម្លាំង កាយចិត្ត និងស្មារតីទទួលខុសត្រូវ និងសហការខ្ពស់ រហូតធ្វើឲ្យកិច្ចព្រមព្រៀងមួយនេះ ដំណើរការទៅដោយរលូន។
ជាមួយគ្នានោះ លោក តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ជួយដល់ការអប់រំ ការសិក្សា និង អភិវឌ្ឍន៍កុមារ ងាយរងគ្រោះនៅកម្ពុជា ដាច់ស្រយាល និងជួយដល់ កុមារ កំព្រា កុមារក្រីក្រ និងកុមារដែលរងគ្រោះ ដោយសារអំពើហិង្សា។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ច ជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថា អង្គការទាំង៣ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច រួមមាន អង្គការ Flame Cambodia អង្គការបុត្តាភិបាលដើម្បីវឌ្ឍន៍សង្គមកម្ពុជា ICS-SP អង្គការប្រភពទឹកនៃក្តីសង្ឃឹម (Fountian Of Hope) សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែក និងធ្វើសកម្មភាពជួយដល់កុមារ និងយុវជនក្រីក្រនៅកម្ពុជា។ គោលបំណងសំខាន់របស់អង្គការទាំង៣ ដែលបានសហការជាមួយក្រសួងសង្គមកិច្ចនាពេលនេះ គឺដើម្បីលើកកម្ពស់ការរស់នៅរបស់កុមារនៅកម្ពុជា៕