(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះសាកលវិទ្យាល័យខេមរៈ បណ្ដាលឲ្យស្រី្តជនជាតិចិនបួននាក់ បង្ខំចិត្តលោតពីលើអគារជាន់ទី៣ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១៖១៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ចំណុចផ្លូវលំលេខ៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
បើតាមប្រភពព័ត៌មានពីអ្នក ដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងតែដេក ស្រាប់តែបានឮលឺសំឡេងផ្ទុះនៅខាងក្រៅផ្ទះ ភ្លាមៗនោះគាត់បានរត់ចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើង កំពុងតែឆាបឆេះនៅក្នុងសាកលវិទ្យាល័យខេមរៈ យ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។
ពេលឃើញដូច្នេះគាត់បានស្រែកហៅឆោឡោ ដើម្បីឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ ឲ្យជួយនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ និងខ្លះទៀតទូរស័ព្ទទាក់ទង ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីរកកិច្ចសហការជាមួយ សមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ ឲ្យចុះមកធ្វើការអន្តរាគមន៍ជាបន្ទាន់។
ខណៈរថយន្តពន្លត់អគ្គិភ័យកំពុងធ្វើការបាញ់ពន្លត់ ស្រាប់តែប្រជាពលរដ្ឋជាច្រើន បានស្រែកឆោឡោហៅសមត្ថកិច្ចឲ្យទៅជួយនៅខាងមុខអគារ ព្រោះមានស្ត្រីជនជាតិចិនចំនួន៤នាក់ បានជាប់នៅខាងលើជាន់ទី៣ឯណោះ។
ដោយសារតែមានផ្សែងខ្មួលខ្មាញ់ និងសំឡេងផ្ទុះផង បណ្ដាលឲ្យស្ត្រីជនជាតិចិនចំនួន២នាក់ មានការភ័យខ្លាចបានបង្ខំចិត្តលោតពីលើអគារជាន់ទី៣ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ហើយពីរនាក់ទៀតបានឈរនៅបង្កាន់ដៃបង្អួចបំរុងនឹងលោត តែត្រូវបានសមត្ថកិច្ចឡើងទៅជួយ ស្រាប់តែជ្រុលបណ្ដាលឲ្យធ្លាក់ មករងរបួសធ្ងន់ទាំងពីរនាក់។
សូមបញ្ជាក់ផងដែរថា ហេតុការណ៍អគ្គិភ័យខាងលើនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយអន្តរាគមន៍ទើបអាចទប់ស្កាត់ នៃការឆេះនេះមិនឲ្យរាលដាលទៅកន្លែងផ្សេងទៀត។ ហេតុការណ៍នេះ បណ្តាលឲ្យមានស្ត្រីជនជាតិចិនចំនួន៤នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ចំណែកឯសម្ភារមួយចំនួន ដែលនៅជាន់ខាងក្រោមនៃសកលវិទ្យាល័យខេមរៈ ត្រូវបានឆាបឆេះគ្មានសល់អ្វីឡើយ។
ចំពោះមូលហេតុនៃការឆេះ សមត្ថកិច្ចបញ្ជាក់ថា ដោយសារឆ្លងចរន្តអគ្គិសនី។
បើតាមរបាយការណ៍របស់នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១៥គ្រឿង ប្រើទឹកអស់៥រថយន្តស្មើនឹង២០ម៉ែត្រគូប និងមានជំនួយពីរថយន្តពន្លត់អគ្គិភ័យស្រាបៀកម្ពុជា១គ្រឿង (ពុំបានបាញ់ទឹកទេ) ហើយអគ្គិភ័យត្រូវបានពន្លត់នៅម៉ោង១៖៤៥នាទីរំលងអាធ្រាត្រថ្ងៃដដែល៕