(ភ្នំពេញ)៖ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ដែលរៀបចំនិងដឹកនាំដោយ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយ និងការពារក្តីជូនស្រ្តីជនរងគ្រោះជាលើកដំបូង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ខណៈលោកកំពុងដំណើរការរៀបចំបង្កើតក្រុមមេធាវីតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ករណីទី១នេះ គឺបានជួយដល់ជនរងគ្រោះជាស្រ្តីចំណាស់ ឈ្មោះ ភី យឿន មានស្រុកកំណើតនៅខេត្តកំពង់ធំ។ ចៅរបស់ស្រ្តីវ័យចំណាស់រូបនេះ ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន រយៈពេល២ថ្ងៃមកហើយ ដោយសារតែសង្ស័យមានការពាក់ព័ន្ធនឹងបទល្មើស។ ប៉ុន្តែជនសង្ស័យនេះ ត្រូវបានដោះលែងវិញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីមានការធានាការពារដោយ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន។
អ្នកស្រី ភី យឿន បានថ្លែងអំរគុណដល់ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ដែលបានជួយដោះស្រាយរឿងក្តីរបស់ចៅអ្នកស្រី ព្រមទាំងផ្តល់សោហ៊ុយឱ្យធ្វើដំណើរទៅកាន់ស្រុកកំណើតថែមទៀត។ ជាមួយគ្នានេះស្រ្តីរងគ្រោះ បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានបង្កើតក្រុមមេធាវីដើម្បីជួយដល់ជនក្រីក្រ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីបំណងរបស់សម្តេច ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ ជនរងគ្រោះជាស្ត្រីក្រីក្រ។ បន្ទាប់ពីប្រកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំង លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ឱ្យរៀបចំបង្កើតក្រុមមេធាវីនេះ ដើម្បីការពារក្តីជូនស្រ្តីក្រីក្រទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមកដល់ពេលនេះ សម្តេចមានកញ្ចប់ថវិកាប្រមាណ៥០ម៉ឺនដុល្លារ នៅក្នុងដៃ ដើម្បីត្រៀមសម្រាប់ការរៀបចំក្រុមមេធាវីសម្តេចតេជោនេះ។ សម្តេចបញ្ជាក់ថា ថវិកានេះ មិនមែនជាថវិការាជរដ្ឋាភិបាលនោះទេ តែជាថវិកាផ្ទាល់របស់សម្តេច និងអ្នកគាំទ្រ។
សម្តេចបានបញ្ជាក់អំពីសមាសភាពនៃក្រុមមេធាវីយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ដំបូងខ្ញុំឱ្យតែ៣០នាក់ទេ ប៉ុន្តែឥឡូវមិនអាចទេ មួយខេត្តយ៉ាងតិចត្រូវមាន២នាក់ អញ្ចឹងត្រូវមាន៥០នាក់ បូកទាំងក្បាលម៉ាស៊ីន យើងអាចដាក់ប្រធាន១ និងអនុប្រធាន៤ ដោយសារតែយើងមានសាលាឧទ្ធរណ៍៤ភូមិភាគ អញ្ចឹងអនុប្រធានទាំង៤ គឺកាន់ការងារនៅតាមភូមិភាគ ដើម្បីការពារឱ្យស្រ្តី ដែលឥឡូវនេះ អ្នកខ្លះកំពុងនៅជាប់ឃុំឃាំង កាត់ក្តីអត់កើត ដែលនេះជាបញ្ហារបស់ស្រ្តី ខ្ញុំនឹងធ្វើរឿងនេះ ក្នុងពេលដ៏ខ្លីខាងមុខ ហើយចាប់ផ្តើមចេញដំណើរ»៕