(កោះកុង)៖ ប្រជាពលរដ្ឋរស់នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បាននាំគ្នាបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃយ៉ាងអនាធិបតេយ្យ បន្ទាប់ពីចងក្រងបង្កើតជា «សហគមន៍អេកូទេសចរណ៍ជីផាត» នៅឆ្នាំ២០០៧ ដោយមានការជួយជ្រោមជ្រែងពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) តាំងពីឆ្នាំ១៩៩៨។
ថ្លែងប្រាប់ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលបានទៅដល់សហគមន៍អេកូទេសចរណ៍ជីផាត នាដើមសប្ដាហ៍នេះ លោក សូ លីហៀង ប្រធានស្តីទីសហគមន៍អេកូទេសចរណ៍ជីផាត បានថ្លែងយ៉ាងដូច្នេះថា៖ «កាលពីឆ្នាំ១៩៩៨ ពេលនោះនៅជីផាតមានភាពអនាធិបតេយ្យយ៉ាងខ្លាំងមែនទែន ក្នុងការកាប់បំផ្លាញ់ព្រៃឈើ ការបរបាញ់សត្វព្រៃ និងការទន្ទ្រាយយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែដោយសារការមើលឃើញពីអង្គការ Wildlife Alliance គាត់បានលុបបំបាត់នូវបញ្ហានេះជាច្រើន ហើយគាត់ចងក្រងឯកសារមួយចំនួនជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាជន៤ភូមិ នៅជីផាត ដើម្បីបង្កើតជាសហគមន៍»។
ប្រធានស្តីទីសហគមន៍រូបនេះ បានបន្តថា គោលបំណងក្នុងការបង្កើតសហគមន៍អេកូទេសចរណ៍នេះ គឺដើម្បីចូលរួមកាត់បន្ថយការកាប់បំផ្លាញ់ព្រៃ ការបរបាញ់ ជាពិសេសគឺចូលរួមការពារបរិស្ថាននៅធម្មជាតិ នៅក្នុងតំបន់ព្រៃឈើធម្មជាតិនេះឱ្យមានប្រសិទ្ធភាព។
លោក សូ លីហៀង បានបន្ថែមទៀតថា បន្ទាប់ពីបង្កើតសហគមន៍នេះមក ប្រជាពលរដ្ឋមានការយល់ដឹងយ៉ាងខ្លាំងលើកិច្ចការពារបរិស្ថានធម្មជាតិ ការការពារជីវចម្រុះ ព្រមទាំងប្តេជ្ញាចិត្តចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរក្សាសម្បត្តិធម្មជាតិដែលមាននៅក្នុងតំបន់នេះ មិនឱ្យរងការបាត់បង់ដូចអតីតកាលនោះឡើយ។
លោកថា ចាប់តាំងពីឆ្នាំ២០០៧មក សហគមន៍អេកូទេសចរណ៍ជីផាត បានប្រែមុខមាត់ពីតំបន់ដាច់ស្រយាលមកជាតំបន់ទេសចរណ៍ ដែលមានភ្ញៀវទេសចរមកទស្សនាច្រើន បានកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋនៅក្នុងឃុំជីផាតបានងាកមកប្រកបរបរដាំដំណាំ នាំភ្ញៀវទេសចរដើរកម្សាន្ត និងប្រកបរបរផ្សេងៗទៀត ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ។
បើតាមប្រធានស្តីទីរូបនេះ សព្វថ្ងៃឃុំជីផាតមានប្រជាពលរដ្ឋជាង ៦០០គ្រួសារ ក្នុងនោះ ៣៦២គ្រួសារ ជាសមាជិករបស់សហគមន៍ ដូច្នេះពួកគាត់អាចទាញប្រយោជន៍ពីសហគន៍បាន ដូចជា ធ្វើជាចុងភៅភូមិ ចុងភៅព្រៃ មគ្គុទេ្ទសក៍នាំភ្ញៀវដើរទស្សនាកន្លែងកម្សាន្តនានា នៅក្នុងតំបន់អេកូទេសចរណ៍ជីផាត។
សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃជាដើម៕