(កណ្ដាល)៖ លោក លី សាម៉េត អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ត្រៀមរៀបចំប្រព័ន្ធបង្ហូរទឹកចែកជូនប្រជាជន សម្រាប់ស្រោចស្របដំណាំស្រូវប្រាំង ដំណាក់កាលទី២ឡើងវិញ នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩នេះ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានចុះជួបប្រជាពលរដ្ឋជិត៣០០គ្រួសារ នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីសំណេះសំណាល និងផ្ដល់ទឹកដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតទឹក នៅរដូវប្រាំងនេះជាច្រើនហិកតា។
លោក លី សាម៉េត បានឲ្យដឹងថា ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យអ្នកវិនិយោគមានការជឿជាក់ ក្នុងការបណ្តាក់ទុនវិនិយោគគ្រប់វិស័យ។ ដូច្នេះហើយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម អេង ឌីប៉ូ អភិវឌ្ឍន៍ មានសមត្ថភាព រក្សាទឹកទុកធ្វើស្រែប្រាំងបានជាច្រើនពាន់ហិកតា នៅទូទាំងគម្រោង និងចែកចាយឲ្យប្រជាពលរដ្ឋនៅជុំវិញគម្រោងបានជាច្រើនហិកតាទៀត។
លោកបានបន្ថែមថា ក្រុមហ៊ុនលោកវិនិយោគទៅលើកសិកម្មស្រូវដ៏ធំជាងគេ បើទោះបានផ្អាកដំណើការមួយរយៈ ដោយសារមានបញ្ហាដែលត្រូវដោះស្រាយ តែក្រុមហ៊ុនលោក បានស្តុកទឹកទុកជាច្រើនអាងដែលក្រុមហ៊ុនបានកសាងទុកផ្គត់ផ្គង់ ដើម្បីប្រើប្រាស់ក្នុងក្រុមហ៊ុន និងអាចជួយស្រែប្រាំងប្រជាពលរដ្ឋ នៅឃុំកំពង់អុស បានរាប់រយហិកតានៅក្នុងរដូវប្រាំង ដែលនិងកំពុងតែប្រឈមការខ្វះទឹក ស្របតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវ ឲ្យអាជ្ញាធរគ្រប់សមត្ថកិច្ចត្រៀមទឹកសម្រាប់ជួយប្រជាពលរដ្ឋនូវរដូវប្រាំងនេះ។
ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះទឹកធ្វើស្រែប្រាំងជាច្រើនគ្រួសារ បានសម្តែងការសប្បាយរីករាយ ចំពោះក្រុមហ៊ុនដែលមានទឹកត្រៀមជួយពួកគាត់ ដែលកំពុងជួបបញ្ហាខ្វះទឹកដាក់ស្រែជាច្រើនហិកតា នៅជុំវិញគម្រោងក្រុមហ៊ុន ដែលកំពុងតែធ្វើជួបបណ្តើរៗលែងបារម្ភទៀតហើយ។
ជាមួយគ្នានេះ លោក លី សាម៉េត បានចុះពិនិត្យផ្លូវ ស្ពាន (ស្ពានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រែកដងគោម និងស្ពានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រែកតាមែ) ប្រឡាយទឹក និងអាងស្តុកទឹក ដើម្បីមានវិធានការជួសជុលផ្លូវដែលខូចខាត ដោយសារទឹកតម្លើងក្នុងរដូវវស្សារ និងរៀបចំប្រព័ន្ធបង្ហូរទឹក ចែកជូនប្រជាជនសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងដំណាក់កាលទី២ឡើងវិញ៕