(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដធុនតូច ប៉ះជាមួយរថយន្ដធុនធំដែលកំពុងចតលើចិញ្ចើមផ្លូវ នៅវេលាម៉ោង០៣៖៤៥នាទីទាបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ៤ ចំណុចភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតានៃ ស្រុកព្រៃនប់ បានចុះទៅត្រួតពិនិត្យករណីនេះភ្លាមៗ ពេលកំពុងវាស់វែងកន្លែងកើតហេតុ ឃើញមានជនជាតិចិន ចំនួន០៣នាក់ ក្នុងនោះមានម្នាក់ កាន់យូរថង់ដាក់របស់អ្វីមួយ ចេញពីក្នុងរថយន្តដែលគ្រោះថ្នាក់ ហើយដើរទៅឆ្ងាយពីកន្លែងកើតហេតុ។
ភ្លាមនោះដោយមានការសង្ស័យកម្លាំងប៉ុស្តិ៍ បានដើរតាមពីក្រោយ ស្រាប់តែជនសង្ស័យទម្លាក់ថង់នោះចោល ហើយរត់គេចខ្លួនតែត្រូវកម្លាំងប៉ុស្តិ៍ដេញចាប់បាន និងដកហូតបានថ្នាំញៀនចំនួន០៨កញ្ចប់ធំ ចំណែកបក្ខពួក២នាក់បានរត់ចូលព្រៃបាត់។ មួយសន្ទុះក្រោយមកមានរថយន្ត១គ្រឿងទៀត មកដល់កន្លែងកើតហេតុ សង្ស័យមកយកគ្នា ដោយក្នុងរថយន្តនោះមានគ្នាចំនួន០៣នាក់ ហើយបើកយ៉ាងលឿនសំដៅមកក្រុងព្រះសីហនុ ទោះបីកម្លាំងអធិការដ្ឋានគរបាលស្រុកព្រៃនប់ ដាក់បារ៉ាស់ស្ទាក់ក៏មិនព្រមឈប់។
ពេលនេះកម្លាំងសមត្ថកិច្ច បានដេញស្រាប់តែរថយន្ដនោះឈប់ដាក់បក្ខពួក២នាក់ ចុះរត់ចូលព្រៃ រួចវាបន្តដំណើរទៅមុខទៀត តែត្រូវកម្លាំងជំនាញចាប់បាននៅចំណុចជិតវត្តស្មាចដែង ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ដកហូតបានវត្ថុតាង ថ្នាំញៀនចំនួន១៦កញ្ចប់។
ក្រោយពីកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនសាកសួរតាមនីតិវិធី និងតាមបទបញ្ជារបស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឈានទៅចាប់បក្ខពួកចំនួន០៣នាក់ទៀត នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ រួមជាមួយវត្ថុតាងចាប់យកបាន ថ្នាំញៀនចំនួន១៣២កញ្ចប់តូច។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ XI QINGGEN អាយុ៤១ឆ្នាំ, ទី២៖ឈ្មោះ CHEN YI អាយុ២៧ឆ្នាំ, ទី៣៖ឈ្មោះ HU CHENGXIANG អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ Yang Ke អាយុ៣៧ឆ្នាំ និងទី៥៖ឈ្មោះ Hai Liang អាយ៤០ឆ្នាំ។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាង សរុបម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១៥៦កញ្ចប់ (០៨កញ្ចប់ធំ និង១៤៨កញ្ចប់តូច), ទូរស័ព្ទ០៣គ្រឿង, រថយន្ត០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕