(ភ្នំពេញ)៖ សមាគមតន្ដ្រីសំនៀងជនពិការ បានបង្ហាញទឹកចិត្ដសប្បាយរីករាយយ៉ាងខ្លាំង ដោយលាយឡំជាមួយទឹកភ្នែក ពេលបំណងប្រាថ្នារបស់ពួកគាត់ បានបន្ដសម្រេចជាបន្ដបន្ទាប់ ពិសេសបានជួប បានឮសម្លេង ខ្លះបានឃើញដោយផ្ទាល់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកស្រី ញ៉ែម មរកត ប្រធានកិត្ដិយសសមាគមតន្ដ្រីសំនៀងជនពិការ បានថ្លែងក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា «បំណងប្រាថ្នារបស់កូនៗនៃសមាគមតន្ដ្រីសំនៀងជនពិការ បានសម្រេចហើយ ដោយថ្ងៃនេះវត្ដមានរបស់អ្នកម្ដាយមនុស្សធម៌ ដែលកូនៗទន្ទឹងរង់ចាំពេលនេះ បាននៅចំពោះមុខកូនៗហើយ ទោះកូនខ្លះមើលមិនឃើញក្ដី តែអាចឮសម្លេងរបស់លោកដោយផ្ទាល់ហើយ»។
ក្នុងឱកាសនោះអ្នកស្រី ចេង សំអាត ដែលពិការភ្នែកទាំងសងខាង បានលើកឡើងពីទឹកចិត្ដរំភើបបានជួបអ្នកម្តាយមនុស្សធម៌ថា «ត្បិតតែខ្ញុំឮតែសម្លេងអ្នកម្ដាយ តែមិនបានឃើញមុខថា អ្នកម្ដាយ មានមុខមាត់យ៉ាងម៉េច គ្រាន់តែដឹងក្នុងចិត្ដថា ម៉ែស្អាតណាស់ សម្លេងពិរោះណាស់ នឹកអ្នកម្ដាយខ្លាំងណាស់ ព្រោះទន្ទឹងរង់ចាំយូរហើយ។ ទោះអ្នកម្ដាយមកមើលកូន តែកូនមិនអាចឃើញមុខរបស់អ្នកម្ដាយក្ដី តែក្នុងចិត្ដនៅតែទន្ទឹងរង់ចាំថ្ងៃនេះមកដល់។ ពេលនេះ អ្នកម្ដាយបានអញ្ជើញមកហើយ កូនសប្បាយចិត្ដណាស់ ហើយចង់ឲ្យអ្នកម្ដាយអញ្ជើញមកលេងឲ្យបានញឹកញាប់»។
អ្នកស្រីថ្លែងបន្ដថា «កូនសូមថ្លែងអំណរគុណដល់អ្នកម្ដាយមនុស្សធម៌ ដែលមានទឹកចិត្ដដ៏សប្បុរសស្មោះសរ ដែលលោកជានិច្ចកាល តែងតែយកចិត្ដទុក្ខដាក់ដល់ជនពិការ ជួយសង្គ្រោះ និងសម្រាលរាល់ទុក្ខលំបាករបស់កូនទាំងអស់គ្នា ដោយមិនរើសអើង ថែមទាំងផ្ដល់នូវសេចក្ដីស្រលាញ់ មេតា្ដដល់ពួកកូនៗទៀត។ កូនៗសូមគោរពជូនពរដល់សម្ដេចពុក (សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា) និងសម្ដេចម៉ែ (សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារមានសុខភាពល្អ ជួបតែសេចក្ដីសុខចម្រើន កុំបីឃ្លៀងឃ្លាឡើយ»។
ក្នុងឱកាសនោះផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងថា «ម៉ែអរគុណកូនៗណាស់ដែលតែងតែរងចាំអ្នកម្ដាយ តាំងពី២០១៣ ដល់២០១៩ ទោះម្ដាយមិនបានមកចុះសួរសុខទុក្ខកូនដោយផ្ទាល់ តែម៉ែបានចាត់តំណាងម៉ែមកដែរ មិនឲ្យដាច់នោះទេ ដើម្បីមកមើលកូនៗ ហើយថ្ងៃនេះ ម៉ែបានមកដោយផ្ទាល់ ម៉ែនឹងសម្រេចរាល់សំនូមពរជូនកូនៗទាំងអស់គ្នា។ លើសពីនោះ កូនៗត្រូវចងចាំថា ម៉ែស្រលាញ់កូនៗ និងនឹករលឹកក្នុងចិត្ដជាប់ជានិច្ច»។
សូមជម្រាបថា ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារនៃវិស័យស្នូលទាំង៤ ឲ្យប្រតិបត្តិការទៅដោយរលូន និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
ក្នុងនោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលដោយទីកន្លែងណា មានទុក្ខលំបាក និងមានប្រជាពលរដ្ឋរងគ្រោះ ទីនោះមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោកផងដែរ វាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប និងជាមាតាមនុស្សធម៌កម្ពុជា ដែលបានធ្វើសកម្មភាពយ៉ាងក្លៀវក្លា ក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប។មិនត្រឹមតែពលរដ្ឋកម្ពុជានោះឡើយ សូម្បីប្រជាពលរដ្ឋនៅបណ្តាប្រទេសលើពិភពលោក ដែលជួបគ្រោះមហន្តរាយបណ្តាលមកពីគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ឬរញ្ជួញដីជាដើមនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានចូលរួមវិភាគទាន ដើម្បីជួយសង្រ្គោះជាតិដល់ជនរងគ្រោះទាំងនោះផងដែរ។
មាតាមនុស្សធម៌កម្ពុជា បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រង និងដោះស្រាយប្រកដោយប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុមនុស្សធម៌ ពោលបានប្រឹងប្រែងកៀងគរជំនួយមនុស្សធម៌ ចុះជួយសង្រ្គោះប្រជាពលរដ្ឋ ជាជនចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ស្ដ្រីមេម៉ាយ ជនផ្ទុកមេរោគអេដស៍ ជនរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ នៅគ្រប់ទីកន្លែង។
សម្រាប់សមាគមតន្ដ្រីសំនៀងជនពិការ ដែលបង្កើតឡើងនៅឆ្នាំ២០១៣នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជាប្រធាន សម្ដេចតែងតែ ផ្ដល់ជំនួយឧបត្ថម្ភជាសម្ភារ ស្បៀងអាហារ និងថវិកា ចាប់ពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ពិសេសផ្ដល់ថវិកា៥ម៉ឺនដុល្លារ សម្រាប់ទិញដីធ្វើមណ្ឌល, ផ្ដល់ថវិកា៣ម៉ឺនដុល្លារ សម្រាប់សាងសង់មណ្ឌល ឧបត្ថម្ភការរៀបការអាពាហ៍ពិពាហ៍ចំនួន៦គូ សម្ដេចចងដៃកូនកម្លោះក្រមុំ១គូ ១០លានរៀល និង៥គូទៀត ១គូៗចំនួន២លានរៀល, រួមទាំងឧបត្ថម្ភថវិកា និងស្បៀងមួយចំនួនទៀត ។ជាងនេះទៅទៀត ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ សមាគមតន្ដ្រីសំនៀងជនពិការ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានបន្ដឧបត្ថម្ភ នូវសម្ភារៈ ឧបករណ៍ មួយចំនួនទៀត ដែលជាតំរូវការចាំបាច់បំផុត របស់សមាគម៕