(ភ្នំពេញ)៖ ក្រុមហ៊ុន R&F Properties HS (Cambodia) Co,. Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះកិច្ចសន្យាសហការជាមួយនឹងក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតសំខាន់លើការងារសេវាកម្មច្បាប់ ដើម្បីបង្កើតនូវប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ក៏ដូចជា បង្កើននូវជំនឿចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន។
ពិធីចុះកិច្ចសន្យាសហការនេះ បានធ្វើឡើងនៅ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន R&F Properties (Cambodia) នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវ ៣៣៤ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រុមហ៊ុន R&F Properties HS (Cambodia) Co,. Ltd គឺជាផ្នែកមួយនៃក្រុមហ៊ុន R&F Properties Group ដែលបានបង្កើតឡើងនៅទីក្រុងក្វាងចូវ ប្រទេសចិន និងបានពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទីក្រុង និងតំបន់នានា ជាង១០០ នៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗ។ គម្រោងអាជីវកម្មរបស់ក្រុមហ៊ុន គឺផ្តោតសំខាន់លើការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានបែបថ្មី និងទំនើប ដែលមានអគារខ្ពស់ៗ និងប្រណីតលំដាប់កំពូលនៅកណ្តាលទីក្រុង។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០១៨ មក ក្រុមហ៊ុន R&F Properties HS (Cambodia) Co,. Ltd បានបោះទុនរាប់លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់លំនៅដ្ឋានដ៏ធំ និងទំនើបបំផុតនៅកម្ពុជា ដែលមានឈ្មោះថា «អ & អេហ្វ ហ័រហ៊្វូ» ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ និងអាចហៅបានថា ជាគម្រោងអគារស្នាក់នៅ (Condo) ដែលមានកំពស់ខ្ពស់ជាងគេ នៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រៅពីទីផ្សារក្នុងប្រទេសចិន ក្រុមហ៊ុន R&F Properties បានឈានជើងចូលទីផ្សារបរទេសជាច្រើនដូចជា៖ ម៉ាឡេស៊ី, អូស្រ្តាលី, អង់គ្លេស, និងកម្ពុជា ជាដើម ។
នៅក្នុងឱកាសនៃពិធីចុះកិច្ចសន្យាសហការនេះ លោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញចំណាប់អារម្មណ៍ថា ការចុះកិច្ចសន្យាសហការ (ផ្តល់សេវាកម្មច្បាប់) ជាមួយក្រុមហ៊ុន R&F Properties HS (Cambodia) Co,. Ltd គឺជាមោទនភាពមួយរបស់ក្រុមមេធាវី ដោយហេតុថា ក្រុមហ៊ុន R&F Properties HS (Cambodia) Co,. Ltd ជាក្រុមហ៊ុនវិនិយោគដ៏ធំ និងមានស្តង់ដារអន្តរជាតិ។
លោកមេធាវីបានបញ្ជាក់បន្ថែមទៀតថា ការណ៍ដែលក្រុមហ៊ុនមានលក្ខណៈស្តង់ដារអន្តរជាតិដូចជាក្រុមហ៊ុន R&F Properties HS (Cambodia) Co,. Ltd សម្រេចជ្រើសរើសការផ្តល់សេវាកម្មច្បាប់ពីក្រុមមេធាវីរបស់លោក ជាការឆ្លុះបញ្ចាំងថា សមត្ថភាព និងជំនាញរបស់មេធាវីកម្ពុជា នាពេលបច្ចុប្បន្នមានការរីកចម្រើន និងអភិវឌ្ឍជាលំដាប់ និងបានផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងពិតប្រាកដ។ កត្តានេះក៏ជាការទាក់ទាញបណ្តាអ្នកវិនិយោទុនអន្តរជាតិ មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជាផងដែរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ៕