(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ពីសម្ដីមួយឃ្លាថា លោកមិនខ្លាចនឹងការធ្វើកំណែទម្រង់ពន្ធដារនោះទេ ពីព្រោះលោកបានអនុវត្តតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឲ្យអនុវត្ត បើទោះបីកំណែទម្រង់នេះ ប៉ះប្រយោជន៍របស់បុគ្គលមួយចំនួនក្តី ប៉ុន្តែចំណេញប្រយោជន៍សម្រាប់ជាតិយ៉ាងច្រើន។
ការលើកឡើងរបស់លោក គង់ វិបុល យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុង វិបស្សនា ស្ដីពី វឌ្ឍនភាពនៃការវិវឌ្ឍ នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ និងរៀបចំផែនការយុទ្ធសាស្រ្ត ផ្នែកបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០១៩-២០២៣ នៅសណ្ឋាគារ អង្គរផាលែស រីហ្សត និងស្ប៉ា ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានជំនឿលើខ្លួនឯងថា រាជរដ្ឋាភិបាលបានតម្រូវឲ្យយើងធ្វើការកែទម្រង់ ហើយបើយើងធ្វើទៅប៉ះ គឺខ្ញុំមិនជឿថា រាជរដ្ឋាភិបាលលោកស្ដីបន្ទោសឡើយ។ ធ្វើជាអ្នកដឹកនាំក្នុងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ គឺត្រូវតែមានចិត្តមោះមុតទៅមុខជានិច្ច បើទោះបីប៉ះ ឬមានការមិនសុខចិត្តក៏ដោយ ក៏ខ្ញុំមិនត្រូវខ្លាចនូវអ្វីដែលកំពុងធ្វើនេះ ឲ្យតែយើងគិតថា ការធ្វើបែបនេះមានភាពត្រឹមត្រូវ និងត្រូវតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនោះ»។
លោកបានបន្តថា អគ្គនាយកដ្ឋានពន្ធដារត្រូវតែធ្វើកំណែទម្រង់ ហើយកំណែទម្រង់នេះ គឺដើម្បីរៀបចំប្រព័ន្ធមួយឲ្យបានល្អ ផ្ដល់លទ្ធភាពឲ្យអគ្គនាយកដ្ឋានពន្ធដារ បានបម្រើសេវាដល់អ្នកជាប់ពន្ធ។ លោកបន្តថា ដូចសព្វថ្ងៃនេះ មានការចុះបញ្ជីល្អ គឺមានន័យថា អគ្គនាយកដ្ឋានបានធ្វើសេវាល្អ ដោយបានបម្រើឲ្យគេទៅបង់ពន្ធកន្លែងណាក៏បាន នៅតាមធនាគារដូចជា អេស៊ីលីដា កាណាឌីយ៉ា និងធនាគារផ្សេងទៀតបានផងដែរ។
លោកបន្ថែមថា បច្ចុប្បន្នទិន្នន័យជាង៩០ភាគរយនៃអ្នកជាប់ពន្ធ គឺមាននៅក្នុងប្រព័ន្ធ ហើយវាជាគន្លងមួយសម្រាប់បង្ហាញឲ្យអ្នកចុះបញ្ជីថ្មីទាំងអស់ គឺត្រូវដើរតាមគន្លងនៃកំណែទម្រង់ថ្មី នៅពេលចុះបញ្ជីត្រូវអត់ឯកសារជំពាក់ ហើយនៅពេលដែលចុះបញ្ជី គឺត្រូវបានរក្សាទុកដោយប្រព័ន្ធគ្រប់គ្រង របស់អគ្គនាយកដ្ឋានពន្ធដារផងដែរ៕