(ភ្នំពេញ)៖ អ្នកវិភាគបញ្ហាសង្គម និងនយោបាយរបស់កម្ពុជាដែលកំពុងរស់នៅលើទឹកដីអាមេរិក លោក សុខ សុគន្ធ ហៅ ជេម សុខ បានអះអាងថា ថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ១១៥នាក់ដែលជាប់បំរាមធ្វើនយោបាយនោះ កំពុងរកច្រកដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

លោក សុខ សុគន្ធ បានលើកឡើងថា ការស្វះស្វែងរកច្រកធ្វើនយោបាយឡើងវិញរបស់អ្នកនយោបាយជាប់បំរាមនេះ ធ្វើឡើងបន្ទាប់ពីពួកគេអស់ជំនឿលើការតស៊ូរបស់ទណ្ឌិត សម រង្ស៉ី ដែលប្រកាសរំសាយមិនវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩។

លោក សុខ សុគន្ធ ដែលមានបណ្តាញទំនាក់ទំនងនៅក្នុងជួរអ្នកគាំទ្ររបស់អតីតគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក បានអះអាងថា ក្រុមអ្នកនយោបាយជាប់បំរាមទាំង ១១៥នាក់ចង់រកយន្តការសុំសិទ្ធិធ្វើនយោបាយជា៣ក្រុម។ ក្រុមទី១ ចង់ចូលដោយឯករាជ្យមិនចាំគ្នីគ្នា, ក្រុមទី២ ចង់ចូលជាក្រុម និងក្រុមទី៣ ក្រុមចាកចេញពីលោក សម រង្ស៉ី ដើម្បីវិលចូលឆាកនយោបាយឲ្យទាន់ពេលវេលា។

លោក សុគន្ធ បានជូនជាយោបល់ឲ្យអ្នកនយោបាយកំពុងជាប់បំរាមទាំងនោះ រូតរះស្វែងរកការសុំសិទ្ធិធ្វើនយោបាយឡើងវិញ ព្រោះថាលោក សម រង្ស៉ី នឹងមិនវិលត្រឡប់ចូលស្រុកវិញនោះទេ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ១១៨រូបបានជាប់បំរាមធ្វើនយោបាយ។ តែបច្ចុប្បន្ននៅសល់តែ១១៥នាក់ ព្រោះក្នុងអ្នកជាប់បំរាមពីររូប ត្រូវបានដាក់ពាក្យសុំធ្វើនយោបាយឡើងវិញហើយ គឺលោក គង់ គាំ និងលោក គង់ បូរ៉ា។ ដោយឡែកអ្នកជាប់បំរាមម្នាក់បានទទួលមរណភាព គឺ ជាម ចាន់នី។

ជាមួយនឹងលោក សុខ សុគន្ធ បង្ហើបពីមានក្រុមអ្នកនយោបាយជាប់បំរាមធ្វើនយោបាយរកច្រកចូលធ្វើនយោបាយវិញនេះ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីណែនាំនីតិវិធីទៅក្នុងការសុំសិទ្ធិធ្វើនយោបាយនេះឡើងវិញផងដែរ។

នីតិវិធីក្នុងការសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះរួមមាន៖

ក. បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ ត្រូវដាក់ពាក្យស្នើសុំនីតិសម្បទាឡើងវិញទៅក្រសួងមហាផ្ទៃ នៅរៀងរាល់ម៉ោងធ្វើការងារ។

ខ. ពាក្យស្នើសុំត្រូវមានបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលស្នើសុំ សេចក្តីសម្រេចរបស់តុលាការដែលហាមឃាត់ការធ្វើសកម្មភាពនយោបាយ ព្រមទាំងមានផ្តិតស្នាមម្រាមដៃនៃបុគ្គលដាក់ពាក្យស្នើសុំ។

គ. ពាក្យស្នើសុំត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នា ដោយបុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ។

ឃ. បន្ទាប់ពីបានពិនិត្យលើពាក្យស្នើសុំរបស់បុគ្គលម្នាក់ៗដែលបានដាក់ពាក្យស្នើសុំ ក្រសួងមហាផ្ទៃនឹងលើកសំណើជូននាយករដ្ឋមន្ត្រី ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងបម្រាមហាមឃាត់ធ្វើសកម្មភាពនយោបាយ ដោយអនុលោមតាមបទប្បញ្ញត្តិមាត្រា ៤៥ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ង. សាមីខ្លួននឹងអាចធ្វើសកម្មភាពនយោបាយឡើងវិញបានស្របតាមច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានព្រះរាជក្រឹត្យស្តីពីការផ្តល់នីតិសម្បទាឡើងវិញ៕