(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (High Level Segment of the 40th Session of the Human Rights Council) ពីថ្ងៃទី២៤ ដល់២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះដោយផ្តោតជាសំខាន់ទៅលើវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមដែលកម្ពុជាសម្រេចបាន ក៏ដូចជាវិធានការដើម្បីពង្រឹងលំហនយោបាយ និងសង្គមស៊ីវិល លើកកម្ពស់សិទ្ធិការងារ និងការពង្រឹងការអនុវត្តច្បាប់។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហ្សឺណែវ លោកឧបនាយករដ្ឋមន្រ្តី រំពឹងថានឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្រ្តីការបរទេស និងប្រធានគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ។

តាមទម្លាប់ កិច្ចប្រជុំជាន់ខ្ពស់នេះ តែងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/រដ្ឋាភិបាល មកពីបណ្តាប្រទេសផ្សេងៗ ដើម្បីបង្ហាញជូនដល់សហគមន៍អន្តរជាតិ នូវសមិទ្ធិផលសេដ្ឋកិច្ច-សង្គម ស្ថានការនយោបាយ សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដែលប្រទេសនីមួយៗសម្រេចបាន៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖