(ភំពេញ)៖ ជាច្រើនថ្ងៃមកហើយ ដែលខ្ញុំបានឮការជជែកគ្នាក្នុងចំណោមអ្នកនយោបាយ, បញ្ញវន្ត និងប្រជាពលរដ្ឋខ្មែរ អំពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់មុខលើកលែងតែអាវុធហៅកាត់ថា EBA ដែលសហភាពអឺរ៉ុបផ្តល់ជូនកម្ពុជា។ មានបងប្អូនខ្មែរយើងខ្លះ បានលើកយកបញ្ហានេះ មកធ្វើជាប្រធានបទនៃការរិះគន់ ឬវាយប្រហារទៅលើរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមានចេតនាជំរុញឲ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជា និងបំភិតបំភ័យពលរដ្ឋខ្មែរដើម្បីកេងចំណេញនយោបាយ។ ក៏មានបងប្អូនជនរួមជាតិខ្មែរមួយចំនួនទៀតបានពន្យល់អះអាង និងស្តីបន្ទោសក្រុមប្រឆាំងថាជាដើមហេតុដែលបណ្តាលឲ្យសហភាពអឺរ៉ុបចង់ព្យួរ EBA ពីកម្ពុជា។ ចំណែកឯបងប្អូនខ្មែរ មួយចំនួនទៀតក៏បានស្តីបន្ទោស និងវាយប្រហារទៅលើសហភាពអឺរ៉ុបដែលសុខៗស្រាប់តែមកព្រមានព្យួរ EBA ពីកម្ពុជាដោយសារតែរបៀបវារៈ នយោបាយ។
គ្រប់បញ្ហាសុទ្ធតែមានដើមហេតុ មានផលវិបាក និងមានដំណោះស្រាយ។ រឿង EBA ក៏ដូចជារឿងមួយចំនួនទៀតដែរ សុទ្ធតែមានពាក់ព័ន្ធនឹងរបៀបវារៈនយោបាយរបស់មហាអំណាចដោយចៀសមិនផុតទោះតិចឬច្រើនក្តី។ ទោះជាយ៉ាងណា ក្នុងនាមពលរដ្ឋខ្មែរម្នាក់ដែលគ្មានពាក់ព័ន្ធនឹងនិន្នាការនយោបាយ ខ្ញុំយល់ឃើញថា កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរក្សា EBA ប្រសិនបើយើងទុករបៀបវារៈនយោបាយផ្ទៃក្នុងមួយឡែក ហើយសម្លឹងទៅ EBA ថាជាទ្រព្យសម្បត្តិមានតម្លៃសម្រាប់ជាតិ និងសម្រាប់កម្មករ កសិករខ្មែរ ហើយនាំគ្នាចូលរួមចំណែកថែរក្សាទ្រព្យសម្បត្តិនោះកុំឲ្យបាត់បង់។
សូមកុំភ្លេចថា កម្ពុជាបានផលចំណេញពី EBA ពីព្រោះវាអាចជួយសម្រួលដល់ការចរាចរណ៍ផលិតផលរបស់កម្ពុជាទៅក្នុងទីផ្សារអឺរ៉ុប។ ទីផ្សារសម្រាប់លក់ផលិតផលទាំងនោះដែលមានតម្លៃប្រមាណជា ៦០០ លានដុល្លារក្នុងមួយឆ្នាំ បានចាក់ ចូលក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារដែល ទទួលផលដោយផ្ទាល់ ឬដោយ ប្រយោលពី EBA។ ចំណែកឯសហភាពអឺរ៉ុបវិញក៏ទទួលបានផលពី EBA ដូចគ្នាដែរ ពីព្រោះសូមកុំភ្លេចថា ដោយសារប្រព័ន្ធអនុគ្រោះពន្ធនេះ ពលរដ្ឋអឺរ៉ុបអាចទិញទំនិញល្អដែលមានតម្លៃទាប។ ដូច្នេះ ការព្យួរEBA គឺប្រជាជននៅអឺរ៉ុបនឹងត្រូវទិញទំនិញក្នុងតម្លៃខ្ពស់ជាងមុន។ នេះជាបញ្ហា។
ដូចយើងបានឃើញស្រាប់ ប្រជាពលរដ្ឋនៅអឺរ៉ុបកំពុងមិនសប្បាយចិត្តជាមួយរដ្ឋាភិបាលរបស់ខ្លួន ដោយសារបញ្ហាជាច្រើន។ ជាក់ស្តែងនៅបារាំង ក្រុមបាតុករអាវកាក់ពណ៌លឿងបាននាំគ្នាកំពុង និងបន្តធ្វើបាតុកម្មជាច្រើនខែមកហើយ ដោយសាររដ្ឋាភិបាលចង់តម្លើងពន្ធប្រេង។ នៅក្នុងបណ្តាប្រទេស ផ្សេងទៀតក៏មានសភាពមិនខុសគ្នាដែរ ពលរដ្ឋអឺរ៉ុបកាន់តែធុញទ្រាន់នឹងជីវិតដោយសារតែ ទំនិញចេះតែឡើងថ្លៃធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែលំបាក។ នេះមិនទាន់រាប់វិបត្តិនៃការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេសដែលហៅកាត់ថា Brexit ដែលកំពុងរួតរឹតអឺរ៉ុប និងផលប៉ះពាល់ដែលកើតពីសង្គ្រាមពាណិជ្ជកម្មផងនោះទេ។
ក្នុងស្ថានភាពបែបនេះ សហភាពអឺរ៉ុបប្រាកដជាមិនចង់ដាក់បន្ទុកបន្ថែមទៅលើពលរដ្ឋរបស់ខ្លួនឡើយ។ ដូច្នេះ យើងមានលទ្ធភាពច្រើនដែលសង្ឃឹមថា សហភាពអឺរ៉ុបនឹងមិនព្យួរ EBA ដោយងាយៗនោះទេ។
ក្រឡេកមើលមកកម្ពុជាយើងវិញម្តង យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចបញ្ចុះបញ្ចូលឲ្យសហភាពអឺរ៉ុបរក្សាទុក EBA ជាបន្តទៀត។
១៖ និយាយពីសិទ្ធិការងារ៖ ប្រទេសកម្ពុជាយើងមានការលូតលាស់ផ្នែកសិទ្ធិការងារយ៉ាងល្អប្រសើរ។ លក្ខខ័ណ្ឌការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងត្រូវបានកែលម្អជាបន្តបន្ទាប់ ខណៈដែលប្រាក់ឈ្នួលអប្បបរមាក៏បានកើនឡើងខ្ពស់ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករឡើងដល់ ១៨២ ដុល្លារអាមេរិក គឺខ្ពស់ជាងបណ្តាប្រទេសជាច្រើន។ ក្រៅពីនោះកម្មករ កម្មការិនីបានទទួលអត្ថប្រយោជន៍ជាច្រើនទៀត រាប់ទាំងផលប្រយោជន៍ដែលបានមកពីបេឡាសន្តិសុខសង្គម (បសស) ផងដែរ។ ស្ត្រីមានផ្ទៃពោះទទួលបានការយកចិត្តទុកដាក់ ពិសេសពីមេដឹកនាំរដ្ឋាភិបាល។ អង្គការ ILO ដែលកម្ពុជាបានធ្វើការជាមួយជាប្រចាំគឺជាសាក្សី ដែលអាចបញ្ជាក់បានអំពីភាពល្អ ប្រសើរឡើងនៃលក្ខខ័ណ្ឌការងារនៅកម្ពុជា។
២៖ ក្រៅពីនោះ កម្ពុជាមានសហជីពជាច្រើន និងមានក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយវិវាទការងារ។
៣៖ និយាយពីទំនាស់ដីធ្លី កម្ពុជាក៏បានយកចិត្តទុកដាក់ ដោះស្រាយបានយ៉ាងល្អ ពោលគឺទំនាស់ដីធ្លីបានធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែអស់ទៅហើយ។
៤៖ ហើយ បើនិយាយពីស្ថានភាព សិទ្ធិមនុស្ស កម្ពុជាគឺជាប្រទេសមួយដែលមានសុខសន្តិភាព និងមានស្ងប់ស្ងាត់ល្អបើធៀបនឹង ប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។ ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត សប្បាយ រីករាយ មានជីវភាពកើនឡើង ខណៈដែលប្រទេសជាតិមានការអភិវឌ្ឍន៍គ្រប់ទិសទី។
នេះជាសញ្ញាយ៉ាងច្បាស់ថា ប្រទេសកម្ពុជាយើងគ្មានបញ្ហាធំដុំខាងការរំលោភសិទ្ធិមនុស្សទេ គឺមានតែករណីដោយឡែក មួយចំនួនតូចតែប៉ុណ្ណោះ។ ស្ថានភាពល្អនៃលក្ខខ័ណ្ឌការងារ ការកើនឡើងនៃជីវភាព និងការកើនឡើងនៃប្រាក់ឈ្នួលរបស់កម្មករ សុទ្ធសឹងជាផ្នែកដ៏សំខាន់នៃការគោរពសិទ្ធិមនុស្ស។
៥៖ ពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យ។ ជាការពិតហើយ សហភាពអឺរ៉ុបតែងលើកករណី រំលាយគណបក្សសង្គ្រោះជាតិ មកធ្វើជាហេតុផល ដើម្បីបញ្ជាក់ថាប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ ។ ប៉ុន្តែ ស្ថានភាពស្ងប់ស្ងាត់ សកម្មភាពសេដ្ឋកិច្ចរស់រវើក និងគ្មានវិបត្តិសង្គម គ្មានភាពវឹកវរណាមួយកើតឡើង ជាសញ្ញាប្រាប់ថា រឿងនេះគ្រាន់តែជាករណីដោយឡែកមួយប៉ុណ្ណោះ ដែលមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការ និងជីវភាពរស់នៅរបស់ប្រជាជនជាទូទៅ នៅក្នុងប្រទេសនោះឡើយ តែការរំលាយបក្សសង្គ្រោះជាតិជាការអនុវត្តច្បាប់តែប៉ុណ្ណោះ ហើយបញ្ងានេះក៏មិនមែនជារឿងថ្មីទេសម្រាប់អាស៊ី និងពិភពលោកទាំងមូល។
ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលបានបើកផ្លូវឲ្យអ្នកនយោបាយ ១១៨ នាក់ដែលជាប់បំរាមមិនឲ្យធ្វើនយោបាយ ៥ឆ្នាំ អាចទទួលបាននីតិសម្បទារធ្វើនយោបាយឡើងវិញ គឺជាសញ្ញាល្អមួយសម្រាប់ការវិលទៅរកប្រក្រតីភាពឡើងវិញនៃជីវិតនយោបាយនៅកម្ពុជា។ រីឯការបង្កើតឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឬវេទិការដ្ឋាភិបាលជាមួយសង្គមស៊ីវិល និងជាមួយវិស័យឯកជន ក៏ជាសញ្ញាល្អសម្រាប់ការរីកលូតលាស់ប្រជាធិបតេយ្យនៅកម្ពុជាដែរ។
និយាយជារួម កម្ពុជាមានអំណោយផលគ្រប់បែបយ៉ាងសម្រាប់ដំណើរការសេដ្ឋកិច្ច, ការវិនិយោគ និងការធ្វើពាណិជ្ជកម្មគ្រប់បែបយ៉ាង។ កម្ពុជាក៏កំពុងមានកំណើនសេដ្ឋកិច្ចល្អ និងបានចាកចេញពីប្រទេសក្រីក្រដែល មានប្រាក់ចំណូលទាប មកជា ប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតទាប។
រដ្ឋាភិបាលភ្នំពេញកំពុងដាក់ផែនការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ វិស័យអប់រំកំពុងត្រូវបានលើកកម្ពស់ ខណៈដែលវិស័យទេសចរណ៍ក៏កំពុងរីកលូតលាស់។
ទាំងអស់នេះសុទ្ធសឹងជាភស្តុតាងដែលបង្ហាញថា កម្ពុជាកំពុងបោះជំហានទៅមុខគ្រប់វិស័យ។ តើមានហេតុផលអ្វីដែលសហភាពអឺរ៉ុបត្រូវព្យួរ EBA នៅមុនកាលកំណត់?
ខ្ញុំពិតជាមើលមិនឃើញហេតុផលអ្វីទាល់តែសោះ។ ប៉ុន្តែ អ្វីៗទាំងអស់នេះ ទាមទារឲ្យមន្ត្រីរបស់រដ្ឋាភិបាលធ្វើការងារយ៉ាងសកម្ម និងប្រកបដោយភាពឈ្លាសវៃ ដើម្បីចរចាជាមួយ សហភាពអឺរ៉ុបក្នុងរយៈពេលមួយឆ្នាំខាងមុខ។
ដោយឈរលើហេតុផលទាំងអស់នេះ ខ្ញុំអាចសន្និដ្ឋានបានថា EBA នឹងបន្តស្ថិតនៅជាមួយកម្ពុជារហូតទាល់តែសេដ្ឋកិច្ចកម្ពុជាបានរីកលូតលាស់ហួសពីលក្ខខ័ណ្ឌដែលត្រូវទទួលបាន EBA ។ បើដូច្នេះ តើមានប្រយោជន៍អ្វីដែលខ្មែរនិងខ្មែរត្រូវឈ្លោះគ្នារឿង EBA? ផ្ទុយទៅវិញ ខ្មែរទាំងអស់ត្រូវរួមគ្នាជួយថែរក្សា EBA ឲ្យបាន។
ខ្ញុំបានផ្ញើរយោបល់ឲ្យមិត្ត ភ័ក្ត្រដែលជាមន្ត្រីរាជការថា រដ្ឋាភិបាលត្រូវរៀបចំក្រុមការងារនិងត្រូវត្រៀមលក្ខណៈឲ្យបានល្អដើម្បីចរចាជាមួយសហភាពអឺរ៉ុប។ ចំណែកក្រុមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលដែលកំពុងបំភ័យរឿង EBA ក៍ត្រូវបញ្ឈប់ការធ្វើសកម្មភាពបែបនេះតទៅទៀត ពីព្រោះមានភាគរយតិចតួចណាស់ដែលគេអាចរំពឹងថា EBA នឹងបាត់បង់។ ដូច្នេះ បើក្រុមប្រឆាំងធ្វើសកម្មភាពខ្លាំង ហើយនៅទីបំផុត សហភាពអឺរ៉ុបសម្រេចរក្សា EBAវិញ ពួកគេនឹងកាន់តែបាត់ បង់នូវប្រជាប្រិយភាពនៅចំពោះមុខមហាជនជាមិនខាន។
ក្នុងនាមជាខ្មែរមួយរូប ខ្ញុំពិតជា ចង់ឃើញអ្នកនយោបាយខ្មែរចេះបែងចែកផលប្រយោជន៍ជាតិ និងផលប្រយោជន៍នយោបាយពោលគឺបញ្ហាផ្ទៃក្នុងត្រូវដោះស្រាយក្នុងក្របខ័ណ្ឌផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ។ ចូរកុំយកផលប្រយោជន៍ជាតិឲ្យក្លាយជាចំណាប់ខ្មាំងនៃផលប្រយោជន៍នយោបាយពីព្រោះវាមិនចំណេញដល់ជាតិនោះឡើយ។
ជាថ្មីម្តងទៀត ខ្ញុំនៅតែមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា EBA នឹងស្ថិតនៅជាមួយកម្ពុជាដោយមិនបាត់បង់ឡើយ ពីព្រោះកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីថែរក្សា EBA ឲ្យនៅគង់វង្សបាន។ ដូច្នេះ សូមបងប្អូនខ្មែរទាំងឡាយស្ងប់ចិត្តចុះ ហើយឈប់ប្រកែកគ្នា និងឈប់នាំគ្នាឈូឆររឿងនេះតទៅទៀត។ អ្វីដែលយើងទាំងអស់គ្នាត្រូវនាំគ្នាធ្វើ គឺរួមគ្នាថែរក្សា EBA ឲ្យស្ថិតនៅជាបន្តទៀត។ EBA មិនមែនជាលក្ខខ័ណ្ឌស្លាប់រស់សម្រាប់ជាតិខ្មែរទេ តែវាជាតម្លៃបន្ថែមដែលយើងទទួលបានផលចំណេញពីវាតែប៉ុណ្ណោះ៕
ដោយ៖ សាស្ត្រាចារ្យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ