(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានដុតបំផ្លាញចោលផលិតផលក្លែងក្លាយមួយចំនួន មានដូចជាសាប៊ូលាងខ្លួនម៉ាក SUNNY (ក្លែងក្លាយ) និងវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងសម្អាងខុសច្បាប់សរុបចំនួន១៤មុខ ស្នើនឹងទម្ងន់ប្រមាណ ៨តោន នៅទីលានចាក់សំរាមបឹងជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ។
ការដុតកម្ទេចផលិតផលក្លែងក្លាយនេះ ធ្វើឡើងដោយអនុវត្តតាមសាលក្រមសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះមានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយមន្ត្រីសាខាកាំកុងត្រូល មន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
ផលិតផលក្លែងក្លាយទាំងនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចឃ្លាំងលេខ៨៧ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕