(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំ ដល់អ្នកនយោបាយជាប់បម្រាមទាំងអស់ ដែលចង់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ត្រូវតែធ្វើលិខិតស្នើសុំដាច់ដោយឡែកពីគ្នាទៅកាន់ក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យោងតាមមាត្រា ៤៥ ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ទៅតាមករណីដូចខាងក្រោម ៖
១៖ ការទទួលបានសិទ្ធិនយោបាយពេញលេញឡើងវិញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល
២៖ ការទទួលបានសិទ្ធិនយោបាយពេញលេញឡើងវិញ ដោយការផ្តល់នីតិសម្បទាដោយ ព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ដើម្បីធានាអនុវត្តចំពោះចំណុចទី ២ ខាងលើនេះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំអំពីបែបបទ និងនីតិវិធីសម្រាប់ការផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដូចតទៅ ៖
* ក. បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ ត្រូវដាក់ពាក្យស្នើសុំនីតិសម្បទាឡើងវិញទៅក្រសួងមហាផ្ទៃ នៅរៀងរាល់ម៉ោងធ្វើការងារ។
* ខ. ពាក្យស្នើសុំត្រូវមានបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលស្នើសុំ សេចក្តីសម្រេចរបស់តុលាការដែលហាមឃាត់ការធ្វើសកម្មភាពនយោបាយ ព្រមទាំងមានផ្តិតស្នាមម្រាមដៃនៃបុគ្គលដាក់ពាក្យស្នើសុំ។
* គ. ពាក្យស្នើសុំត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នា ដោយបុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ។
* ឃ. បន្ទាប់ពីបានពិនិត្យលើពាក្យស្នើសុំរបស់បុគ្គលម្នាក់ៗដែលបានដាក់ពាក្យស្នើសុំ ក្រសួង
មហាផ្ទៃនឹងលើកសំណើជូននាយករដ្ឋមន្ត្រី ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងបម្រាមហាមឃាត់ធ្វើ
សកម្មភាពនយោបាយ ដោយអនុលោមតាមបទប្បញ្ញត្តិមាត្រា ៤៥ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីគណបក្ស
នយោបាយ។
* ង. សាមីខ្លួននឹងអាចធ្វើសកម្មភាពនយោបាយឡើងវិញបានស្របតាមច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានព្រះរាជក្រឹត្យស្តីពីការផ្តល់នីតិសម្បទាឡើងវិញ។
សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។
តាំងពីច្បាប់នេះចូលជាធរមាន មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន២រូប ដែលជាប់បម្រាមមិនឱ្យធ្វើនយោបាយ បានដាក់ពាក្យស្នើសុំនីតិសម្បទានយោបាយ ទៅកាន់ក្រសួងមហាផ្ទៃ ក្នុងនោះមាន លោក គង់ គាំ និងកូនរបស់លោកគឺលោក គង់ បូរ៉ា ហើយការស្នើសុំរបស់អ្នកទាំងពីរ ក៏បានធ្វើលិខិតស្នើសុំដាច់ដោយឡែកពីគ្នាផងដែរ៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ៖