(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំសមាជិក-សមាជិកា ពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារទីស្នាក់កណ្តាលសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមានទីតាំងស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញ។
អគារទីស្នាក់កណ្តាលសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សាងសង់លើផ្ទៃដីជាង២ពាន់ម៉ែត្រក្រឡាទំហំទទឹង២០ម៉ែត្រ បណ្តោយ២៥ម៉ែត្រ កម្ពស់៤ជាន់ ហើយសម្រេចការងារសាងសង់បានប្រមាណ៦៥% គ្រោងបញ្ចប់ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០១៩ខាងមុខ។
នាឱកាសនោះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការដឹកនាំប្រតិភូអ្នកសារព័ត៌មានកម្ពុជា ដែលភាគច្រើនសុទ្ធតែជាថ្នាក់ដឹកនាំនិងអ្នកធ្វើការពាក់ព័ន្ធក្នុងវិស័យព័ត៌មាននៅពេលនេះ គឺដើម្បីឱ្យពួកគាត់យល់ឃើញថា សមិទ្ធផលមួយ ដែលអាចកើតជារូបរាងបាន ដរាបណាមានការចូលរួម ដែលគ្រប់គ្នាមានចំណែក ចូលរួមជាគំនិត យោបល់ក្នុងន័យស្ថាបនា ទើបសមិទ្ធផលនេះលេចចេញជារូបរាងល្អប្រសើ ហើយយើងមានស្មារតីថែទាំ និងការពារ។
លោក ហ៊ុយ វណ្ណៈ បានបង្ហើបឲ្យដឹងថា នៅពេលអគារទីស្នាក់ការកណ្តាលនេះសាងសង់រួចរាល់ គឺទីនេះមិនត្រឹមតែដើម្បីអ្នកសារព័ត៌មានប៉ុណ្ណោះទេ តែយើងនឹងរួមគ្នាបង្កើតនូវសមិទ្ធផលថ្មីនេះ ចេញពីនេះបន្ថែមទៀត ដើម្បីរួមចំណែកដល់សង្គមជាតិ ស្របតាមគោលដៅនិងចក្ខុវិស័យរបស់ខ្លួន គឺការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងសីលធម៌វិជ្ជាជីវៈ ពោលគឺ «អ្នកសារព័ត៌មានភ្លឺ ប្រទេសជាតិរុងរឿង»។
លោក ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ទៀតថា ផ្តើមចេញពីអគារនេះ យើងនឹងខិតខំរួមចំណែកកសាងធនធានមនុស្សល្អចេញពីទីនេះ។ អគារថ្មីនេះនឹងក្លាយទៅជាបណ្ណាល័យ កន្លែងតាំងពិព័រណ៍ កន្លែងសិក្ខាសិលា កន្លែងនៃការជួបជុំអ្នកកាសែតជាតិនិងអន្តរជាតិ ជាពិសេសនឹងមានរៀបចំកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យស្របនឹងការជឿនលឿននៃបច្ចេកវិទ្យា សង្គម សេដ្ឋកិច្ច។
លោក ហ៊ុយ វណ្ណៈ បានសង្គត់ធ្ងន់ថា អគាររនឹងក្លាយជាទីកន្លែងប្រមូលម្តុំបញ្ញាញាណ ប្រមូលផ្តុំធនធាន បណ្តុះគំនិតមនសិការស្នេហាជាតិ និងបំផុសតួនាទីពលរដ្ឋល្អ។ អ្វីដែលរឹតតែពិសេសនោះ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ថា នៅជញ្ជាំងជុំវិញនៃអគារសេរីភាព នឹងសាងសង់ជញ្ជាំងនៃការចង់ចាំសម្រាប់គ្រួសារអ្នកសារព័ត៌មានកម្ពុជា ដោយអនុញ្ញាតឲកយអ្នកសារព័ត៌មានម្នាក់ៗកត់ត្រានូវការប្តេជ្ញារបស់ខ្លួនលើការវិជ្ជាជីវៈ ក៏ដូចជាពាក្យស្លោកនៃការអប់រំចិត្ត ដែលមានលក្ខណៈជាតិនិយម៕