(ក្រចេះ)៖ កម្លាំងចម្រុះដឹកនាំដោយលោក សុខ គីរីរតន៍ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងចុះបិទទីតាំងរណ្ដៅរ៉ែមាសជាច្រើនរណ្ដៅ នៅចំណុចត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
លោក សុខ គីរីរតន៍ បានឲ្យដឹងថា កម្លាំងចម្រុះចុះដែលចុះបិតទីតាំង រណ្ដៅរុករករ៉ែមាសនោះរួមមាន៖ ស្ថាបន័អយ្យការ, មន្ទីររ៉ែ និងថាមពល, នគរបាល និងកម្លាំងអាវុធហត្ថ បានចុះបិទរណ្ដៅ រុករករ៉ែមាសជាច្រើនកន្លែង ដោយយកគ្រឿងចក្រទៅឈូសលុបរណ្ដៅចោលតែម្ដង ហើយគិតត្រឹមរសៀលថ្ងៃនេះ ក្រុមការងារបានលុបរណ្ដៅចំនួន៨រណ្ដៅ និងហៅម្ចាស់រណ្ដៅ ចំនួន២នាក់ ធ្វើកិច្ចសន្យាបញ្ឍប់ នៃការជីករុករករ៉ែមាសបែបអនាធិបតេយ្យបន្ដទៀត។
ដោយឡែកម្ចាស់រណ្ដៅផ្សេងទៀត មិនទាន់បានមកធ្វើកិច្ចសន្យា តែមន្ទីរនឹងហៅពួកគាត់ទាំងអស់មកធ្វើកិច្ចសន្យា ហើយក្រុមការងារនៅតែបន្តលុបរណ្ដៅរហូតដល់ថ្ងៃស្អែក ធ្វើការលុបរណ្ដៅទាំងអស់តែម្ដង។
លោកប្រធានរូបនោះ បន្ដទៀតថា ករណីចុះលុបរណ្ដៅរ៉ែមាសនេះ មន្ទីរជំនាញបានចុះបញ្ឍប់ជាច្រើនដងរួចមកហើយ ដោយបានធ្វើកិច្ចសន្យា ជាមួយម្ចាស់រណ្ដៅ ប៉ុន្តែក្រុមពលរដ្ឋទាំងនោះ នៅតែលួចបន្ដសកម្មភាពរុករ៉ែមាស ហើយលើកនេះ លោកបានដឹកនាំកម្លាំងយកអេសស្កាវទ័រកាយដីលុបរណ្ដៅចោលតែម្ដង ហើយនឹងបន្តចុះលុបទាល់តែអស់រណ្ដៅ។
សូមបញ្ជាក់ថា ពលរដ្ឋដែលរុករករ៉ែមាសនៅចំណុចត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ធ្លាប់បាក់រណ្ដៅដី សង្កត់ស្លាប់អស់ជាច្រើននាក់នាពេលកន្លងមក តែពួកគាត់មិនរាងចាល ព្រោះពួកគាត់ធ្លាប់ប្រកបរបរនេះតាំងតែពីដើមមក៕