(ភ្នំពេញ)៖ កិច្ចប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨៖៣០នាទីព្រឹក នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) ដែលមានវីដេអូផ្ទាល់ (Video Conference) តភ្ជាប់ទៅកាន់ខេត្ត/ក្រុង និងស្ថាប័នសំខាន់ៗដទៃទៀតនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈនេះ។
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរំលឹកផងដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងគោលបំណង លើកស្ទួយនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងកិច្ចប្រមូលធាតុចូល ទស្សនៈពហុគំនិត ជាប្រយោជន៍ដល់ការស្ថាបនាជាតិ ដោយមានការចូលរួមពីគណបក្ស នយោបាយ គ្មានអាសនៈនៅក្នុងរដ្ឋសភា និងដោយបានចូលរួមយ៉ាងសកម្ម ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា។
ការផ្តួចផ្តើមគំនិត នៃទស្សនទាននយោបាយមិនរើសអើងនេះ ជាប្រវត្តិសាស្រ្តខ្មែរគ្មានពីររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងកិច្ចបង្កើតបានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺជាហេតុផលនយោបាយមួយ នៃការលើកតម្កើងក្របខ័ណ្ឌ ប្រជាធិបតេយ្យ សេរីពហុបក្ស ជាមួយតម្លៃលេចធ្លោរបស់កម្ពុជាសុទ្ធសាធ ដោយធានា និងរក្សាបាននូវរាល់សំឡេង និងនិន្នាការនយោបាយគ្រប់ភាគីក្នុងកិច្ចចូលរួមកសាង ការពារឯករាជ្យ និងអធិបតេយ្យជាតិប្រាសចាក ការជ្រៀតជ្រែកពីបរទេសជិតឆ្ងាយណាមួយ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ បានកោះប្រជុំតាមរយៈប្រធានប្រតិភូប្តូរវេន ចំនួន១១លើកកន្លងមកហើយ។ កិច្ចប្រជុំពិភាក្សានេះ បានលើកឡើងជាច្រើនចំណុច ក្នុងភាពរស់រវើក និងផុសផុល ប្រកបដោយថាមពល ភ្ជាប់ជាមួយនឹងការរិះគន់ ក្នុងន័យចូលរួមស្ថាបនា ដោយក្តីគោរព និងយោគយល់គ្នាប្រកប ដោយវប្បធម៌សន្ទនា បែបប្រជាធិបតេយ្យនិយម ស្ថិតនៅក្នុង «វប្បធម៌សន្ទនា» ដែលបានបង្កើតឡើងដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី។
គ្រប់ប្រតិភូគណបក្ស ដែលតំណាងចេញពី១៦គណបក្សនយោបាយ បានលើកឡើងនូវជំហរ នយោបាយរបស់ខ្លួននីមួយៗគឺ៖ ឈរលើជំហរឯកភាព សាមគ្គីភាព ក្នុងកិច្ចស្ថាបនាប្រជាជាតិ ក្នុងស្មារតីខ្មែរតែមួយ ដោយបង្កើតបានវប្បធម៌ប្រជាធិបតេយ្យ ក្នុងកិច្ចគោរពលទ្ធផល នៃការបោះឆ្នោតសកល ដែលជាតំណាងឆន្ទៈ ភាគច្រើនលើសលប់ របស់ប្រជាពលរដ្ឋ ជាមួយនឹងការទទួលស្គាល់ភាពជាក់ស្តែង នៃការដឹកនាំប្រកបដោយប្រសិទ្ធភាព និងថាមពល អង់អាចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
នៅក្នុងក្របខ័ណ្ឌនេះ ទើបប្រតិភូគណបក្សនីមួយៗ បានសម្រេចចិត្តចូលរួមកិច្ចសហការ ក្នុងទិសដៅរួមគ្នា កសាងការពារ ប្រទេសជាតិ សន្តិភាព និងស្ថិរភាពនយោបាយ ដែលជាតម្លៃមហាសាលរបស់កម្ពុជា។ ក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺប្រមូលទិន្នន័យ អង្គហេតុ អង្គសេចក្តី តម្រុយ និងភស្តុតាងដ៏សកម្ម ដែលជាធាតុចូល ជូនដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចដោះស្រាយ និងកសាង ពង្រឹងសង្គមជាតិឱ្យរឹតតែប្រសើរឡើងបន្ថែមទៀត ទាំងគុណភាព និងប្រសិទ្ធភាព ប្រកបដោយកិត្តិយស និងមោទនភាពសម្រាប់ខ្មែរយើងទាំងអស់គ្នា៕