(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហាក់អស់សំណើចនឹងសារព័ត៌មានក្រុមប្រឆាំង ដែលខិតខំទាញភ្ជាប់រឿង «បុគ្គលមានស្រីលួចលាក់» មកធ្វើជារបៀបវារៈនយោបាយ ដើម្បីដាក់បន្ទុកដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក សុខ ឥសាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងដឹងយ៉ាងដូច្នេះថា៖ «ឱ ! រឿងប្តីមានស្រីក្រៅនាំឲ្យមានបាតុភាពហិង្សាក្នុងគ្រួសារ និងអំពើអសកម្មផ្សេងៗលើជនរងគ្រោះ មកបន្ទោសសម្តេចតេជោម៉្តេចកើត។ បើគេលួចលាក់គេមានមកសុំពីសម្តេចឯណា?»។
ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីបណ្តាញព័ត៌មានក្រុមប្រឆាំង នាថ្មីៗនេះ បានយករឿងជម្លោះក្នុងគ្រួសារដោយប្តីមាននារីលួចលាក់ ធ្វើជាប្រធានបទ វាយប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដោយមានភ្ជាប់នូវវីដេអូអប់រំមួយ សម្តែងដោយនាងខ្ញង់តារាកំប្លែងកម្ពុជា។
ជាមួយនឹងការបង្ហោះវីដេអូនោះ ប្រព័ន្ធឃោសនារបស់ក្រុមប្រឆាំងបានសរសេរថា៖ «ក្នុងរបបក្រោមការដឹកនាំរបស់សម្ដេចតេជោ វប្បធម៌ប្ដីចិញ្ចឹមស្រីនៅខាងក្រៅ ធ្វើឲ្យមានស្ដ្រីខ្មែរប៉ុន្មាននាក់ មានការឈឺចាប់។ លើសពីនេះទៅទៀត ស្រីដែលប្ដីមានបុណ្យសក័្សចិញ្ចឹមនោះ ត្រូវប្រពន្ធគេបាញ់ចោល ជះទឹកអាស៊ីតដាក់ ធ្វើបាបយ៉ាងធ្ងន់ធ្ងរ។ នេះបង្ហាញថាប្រទេសខ្មែរ ជាប្រទេសគ្មានច្បាប់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩កន្លងទៅ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានចេញសេចក្តីថ្លែងការណ៍មួយព្រមានធ្ងន់ៗ ចំពោះសារព័ត៌មានមួយចំនួន ដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដោយហៅព្រះរាជាណាចក្រកម្ពុជាថា «របបក្រុងភ្នំពេញ ឬរបបលោក ហ៊ុន សែន» ផងដែរ។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវដល់រាល់ភាគីពាក់ព័ន្ធ និងបណ្តាញសារព័ត៌មានមួយចំនួនសូមសហការ បញ្ឈប់ការប្រើប្រាស់ពាក្យមិនត្រឹមត្រូវនេះ។ បើពុំដូច្នេះទេ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងសើរើពិនិត្យចំពោះស្ថាប័នសារព័ត៌មានណា ដែលមិនឆ្លើយតបទៅនឹងការអំពាវនាវនេះ ដោយការប្រើប្រាស់ពាក្យដូចដែលបានលើកមកខាងលើ ដែលបានបង្កប់នូវអត្ថន័យ និងខ្លឹមសារប្រឆាំងនឹងសុឆន្ទៈប្រជាជនកម្ពុជា ដែលលោកចង់បានសន្តិភាព ស្ថិរភាពនយោបាយ ឯកភាព និងការអភិវឌ្ឍសង្គមក្រុមគ្រួសារ និងជាតិខ្មែរទាំងមូល»៕