(កំពង់ឆ្នាំង)៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកស្រី ហ៊ុន ដានី និងជាតំណាងលោករដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះផ្សព្វផ្សាយអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី ការបញ្រ្ជាបយេនឌ័រក្នុងវិស័យទេសចរណ៍ ជូនដល់ប្រតិបត្តិករ សេវាករទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធនៅខេត្តកំពង់ឆ្នាំង។
លោកស្រី ហ៊ុន ដានី បានថ្លែងថា វគ្គផ្សព្វផ្សាយនេះតែងតែត្រូវបានធ្វើឡើងនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ក្នុងវិស័យទេសចរណ៍ ដើម្បីបានជ្រួតជ្រាបពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ចំពោះស្រ្តីទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងស្រ្តីទូទៅនៅទូទាំងប្រទេស។
ពិសេសក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ថោង ខុន តែងបានគិតគូរពីបញ្ហាស្រ្តីដែលបម្រើការក្នុងវិស័យនេះ ដើម្បីទទួលបានភាព សុខដុមនីយកម្មសង្គម ចៀសវាងបានពីការរើសអើងគ្រប់ប្រភេទ ការរំលោភបំពាន អំពើហិង្សា ការកេងប្រវ័ញ្ច និងការធ្វើអាជីវកម្មផ្លូវភេទ។ ស្ត្រី និងបុរស គឺមានក្នុងពាក្យយេនឌ័រ (Gender)។
ដូច្នេះហើយ ទើបបេសកកម្មរបស់លោកស្រី គឺធ្វើឱ្យបុរស និងស្ត្រីចេះយល់គ្នា និងលើកតម្លៃឱ្យគ្នា កុំឱ្យគ្រាន់តែឃើញគ្នាជាស្រី្តម៉ាស្សា ឬខារ៉ាអូខេ បង្កើតការមើលងាយភ្លាម នោះជាការភាន់ច្រឡំធំណាស់ ពីព្រោះថារាល់ការងារអ្វីក៏ដោយឱ្យតែសុច្ចរិត សុទ្ធតែមានតម្លៃដូចគ្នា ប៉ុន្តែទន្ទឹមនឹងនោះស្ត្រីខ្លួនឯង ក៏ត្រូវធ្វើខ្លួនឱ្យសមរម្យថ្លៃថ្នូរជាមុនដែរ មុននឹងឱ្យអ្នកដទៃ ឬបុរសគេគោរពឱ្យតម្លៃយើង។
ស្ត្រីមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យធ្លាក់ក្នុងអំណាច នៃការអូសទាញណាមួយ ដែលនាំឱ្យខ្លួនបាត់បង់តម្លៃ កិត្តិយស ឬកេរ្តិ៍ឈ្មោះជាស្រី្តខ្មែរ។ បើទោះជាស្ត្រីខ្លះបម្រើការងារយប់ តែបើយើងប្រកាន់ជំហរខ្លួនឯងឱ្យរឹងមាំ ក៏គ្មានអ្នកណាអាចមកប្រមាទថ មាក់ងាយយើងបានដែរ។
លោកស្រីរដ្ឋលេខាធិការ បានរំលេចពីតួនាទី និងសារៈសំខាន់របស់ស្ត្រីក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ជាតិ ឱ្យមានការរីកចម្រើនជាលំដាប់ ដោយហេតុថានៅក្នុងកម្លាំងពលកម្មនៃវិស័យទេសចរណ៍ គឺមានស្ត្រីដល់ទៅជាង ៦០% កំពុងបម្រើការនៅគ្រប់សេវាកម្មទាំងអស់។ ការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់ចេញពីស្ត្រី និងតម្លៃនៃសន្តិភាពបានឡើយ។
សន្តិភាព ជាកត្តាចម្បងនាំមកនូវការអភិវឌ្ឍ តាមរយៈការបណ្តាក់ទុនរបស់វិនិយោគិន ហើយក៏បានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ បង្កើតចំណូលគ្រួសារ សង្គម និងសេដ្ឋកិច្ចជាតិ។ គ្មានទេសចរណាគេមកកម្សាន្តនៅកន្លែងដែលមានគ្រាប់បែកគ្រាប់ផ្លោងទេ ហើយក៏គ្មានអ្នកវិនិយោគណាគេមកវិនិយោគនៅកន្លែងគ្រាប់បែកគ្រាប់ផ្លោងដែរ។
ជាក់ស្តែង កាលពីឆ្នាំ១៩៩៨ កម្ពុជាទទួលបានទេសចរអន្តរជាតិតែ ២៩ម៉ឺននាក់ ទេសចរជាតិ ១លាននាក់ កម្លាំងពលកម្មបម្រើឱ្យវិស័យទេសចរណ៍ត្រឹមតែ ៨ម៉ឺននាក់ ប៉ុណ្ណោះ។ តែគិតត្រឹមឆ្នាំ២០១៨ តួលេខបានកើនឡើងខុសពីនេះឆ្ងាយណាស់ ដោយទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ ទេសចរជាតិ ១១លាននាក់ និងកម្លាំងពលកម្មដោយផ្ទាល់ក្នុងវិស័យនេះជាង ៦២ម៉ឺននាក់ រួមចំណែក ១២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ឆ្លៀតឱកាសនោះ លោកស្រីក៏បានសំណូមពរឱ្យមន្ត្រីគ្រប់រូប ពលរដ្ឋគ្រប់រូប រួមគ្នាបន្តថែរក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីធានាការអភិវឌ្ឍ និងរីកចម្រើនបន្តទៀតដើម្បីអនាគតកូនចៅ និងប្រទេសជាតិយើង។
លោកស្រីក៏បានជំរុញឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើការងារមួយចំនួន ដូចជា៖ ទី១. ផ្សព្វផ្សាយព័ត៌មានស្តីពីបុណ្យទន្លេ ដែលនឹងប្រារព្ធធ្វើនៅខេត្តកំពង់ឆ្នាំង ដើម្បីឱ្យភ្ញៀវទេសចរបានជ្រួតជ្រាប និងត្រៀមខ្លួនទៅកម្សាន្ត, ទី២. ស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវចូលរួមថែរក្សាវប្បធម៌ ប្រពៃណី អត្តសញ្ញាណស្រ្តីខ្មែរ, ទី៣. ចូលរួមធ្វើឱ្យទីក្រុងស្អាតស្របតាមទស្សនទាន «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ», ទី៤. ពង្រឹងការគ្រប់គ្រងស្លាកយីហោ និងឈ្មោះមុខម្ហូបនៅតាមមូលដ្ឋានអាជីវកម្ម, ទី៥. ចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ការធ្វើអាជីវកម្មផ្លូវភេទ ក្នុងវិស័យទេសចរណ៍ និងទី៦. ចូលរួម «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា»។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានបានភ្ញៀវទេសចរអន្តរជាតិជាង ៦.២លាននាក់ ក្នុងកំណើន ១០.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ ជាការរំពឹងទុក កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០, ១១លាននាក់ នៅឆ្នាំ២០២៥ និង ១៥លាននាក់ នៅឆ្នាំ២០៣០៕