(ភ្នំពេញ)៖ រោងចក្រថ្មីចំនួន២ទៀតហើយ គឺរោងចក្រកាត់ដេរសម្លៀកបំពាក់ ប៉ាក់ និងផលិតកាបូបស្ពាយ និងរោងចក្រផ្គុំដំឡើងម៉ូតូ សរុបទុនវិនិយោគ ៧.៩លានដុល្លារអាមេរិក និងបង្កើតការងារជូនប្រជាពលរដ្ឋ បានចំនួន៤,៤៨៥កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការ។
Facebook របស់ CDC បានផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ JACKIE TSENG GARMENT (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និងផលិតកាបូបស្ពាយ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្រូល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤,៣៧៤កន្លែង។
២៖ NY SE NY SENG CO.,LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១១កន្លែង៕