(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ក្នុងសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលការងាររបស់ កងកម្លាំងនគរបាលជាតិ ឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញនូវស្នាដៃធំនៃការងារ និងធានាសុវត្ថិភាពបានទាំងស្រុងរបស់កម្លាំងនគរបាល នៅឆ្នាំ២០១៨កន្លងទៅ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ និងវេទិកាជាតិ អន្តរជាតិ ដែលបានបំពេញក្នុងឆ្នាំ២០១៨ និងក្នុងរយៈពេលចុងក្រោយ ដែលមានសរុប៨,២៣០លើក ជាពិសេសការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
បន្ថែមពីនេះ រួមមាន កម្មវិធីអង្គរសង្ក្រាន្ត, ព្រះរាជពិធីបុណ្យអុំទូក សំពះ ព្រះខែអកអំបុក, ពិធីបុណ្យឯករាជ្យជាតិ ខួប៤០ឆ្នាំ ថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍ មាតុភូមិកម្ពុជា០២ធ្នូ, ពិធីសម្ពោធ វិមានឈ្នះឈ្នះ ខួប៤០ឆ្នាំថ្ងៃ០៧មករា, កម្មវិធីបុណ្យសមុទ្រ, ការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF), កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ជាដើម ដែលសុទ្ធតែបានរៀបចំ និងប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងទទួលជោគជ័យទាំងស្រុង។
អគ្គស្នងការនគរបាលជាតិរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមកនេះផងដែរ ស្នាដៃលេចធ្លោ ប្រកបដោយមោទនភាពនោះ គឺការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវក្រុមប្រដាប់អាវុធខុសច្បាប់ដែលប៉ុន ប៉ងធ្វើសកម្មភាពផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយធ្វើការចាប់ខ្លួនជនសង្ស័យ១៣នាក់ និងរឹបអូសអាវុធ ចំនួន៣០ដើម។
នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានកត់សម្គាល់ និងកោតសរសើរនូវកិច្ចប្រឹងប្រែងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ បានធ្លាក់ចុះផងថែមទៀត។ គ្រោះថ្នាក់ចរាចរមានការថយចុះ ២៦៤លើក ស្មើ៧% ក្នុងនោះជនរងគ្រោះស្លាប់ថយចុះ១៩នាក់ ស្មើ១% និងរបួសថយចុះ ៧៦៩នាក់ ស្មើ១៤% ស្របពេលដែលកំណើនមនុស្សប្រមាណពី៣០-៤០ម៉ឺននាក់ រីឯយានយន្តកើនឡើង៣០,៨៧%។
ក្នុងពិធីបើកសន្និបាតនាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងនូវទិសដៅសំខាន់មួយចំនួនទៀត ដែលជាទិសដៅរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០១៩។ ក្នុងចំណោមទិសដៅសំខាន់ៗ ដែលបានលើកឡើងនោះ រួមមាន ការផ្សព្វផ្សាយផែនការស្តីពីការបង្ការ ទប់ ស្កាត់ និងប្រឆាំងភេរវកម្ម, ការចង្អុលដឹកនាំដល់ផែនការសន្តិសុខ និងយុត្តិធម៌ ស្តីពីការរៀបចំនូវប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាផងដែរ៕