(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយ ស្តីពីការអនុវត្តន៍របបសន្តិសុខសង្គម និងពិធីប្រគល់ ទទួលប័ណ្ណសមាជិកបេឡា ជាតិរបបសន្តិសុខសង្គម (បសស) ជូនដល់មន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត ក្រុង ស្រុក និងមន្រ្តីកិច្ចសន្យា នៅសាលាខេត្តព្រះវិហារ។
ថ្លែងក្នុងពិធីនេះ លោកអភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ លើសកម្មភាពគាំពារសង្គមនានា ក្នុងគោលបំណងកសាងធនធានមនុស្ស និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចមន្រ្តីរាជការតាមរយះការដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) ដែលផ្តោតសំខាន់ លើសសរស្តម្ភចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម (សោធន ការថែទាំសុខភាព ហានិភ័យការងារ និកម្ម និងពិការភាព)។
លើសពីនេះទៅទៀត លោកអភិបាលខេត្ត បានស្នើឲ្យភ្នាក់ងារបេឡាជាតិសន្តិសុខសង្គម បង្កើននូវយន្តការត្រួតពិនិត្យតាមដាន លើការអនុវត្តគោលនយោបាយគាំពារ នៃការអនុវត្តរបស់មន្រ្តី សុខាភិបាល ពេទ្យជំនាញ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពរដ្ឋ ធ្វើយ៉ាងណាធានាឲ្យបាន នូវការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាពចិរភាព និងបរិយាប័ន្ន។
សូមបញ្ជាក់ថា ប័ណ្ណ (ប.ស.ស) ចំនួន៣០៨ប័ណ្ណ ត្រូវបានចែកជូនដល់មន្រ្តីរាជការសាលាខេត្ត ក្រុង ស្រុក និងមន្រ្តីកិច្ចសន្យាទូទាំងខេត្តព្រះវិហារ៕