(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានលើកឡើងថា កៅស៊ូធម្មជាតិ គឺជាដំណាំមួយប្រភេទ ដែលផ្តល់ពហុប្រយោជន៍ដល់អ្នកដាំ សេដ្ឋកិច្ចជាតិ សង្គម គ្រួសារ និងចូលរួមចំណែកជួយកាត់បន្ថយ ការកាប់បំផ្លាញព្រៃឈើ ការពារការហូរច្រោះដី។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អញ្ជើញជាអធិបតីភាព បិទកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលរៀបចំធ្វើឡើង នៅអគ្គនាយកដ្ឋានកៅស៊ូ។
ក្នុងពិធីនោះ លោករដ្ឋមន្រ្តី វេង សាខុន បានលើកឡើងថា កៅស៊ូធម្មជាតិ គឺជាដំណាំមួយប្រភេទ ដែលផ្តល់ពហុប្រយោជន៍ដល់អ្នកដាំ សេដ្ឋកិច្ចជាតិ សង្គម គ្រួសារ និងបរិស្ថាន កាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ ជូនប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុក។
លោករដ្ឋមន្ដ្រីបន្ដថា ក្រៅពីនេះ កៅស៊ូជាឈើផលិតគ្រឿងសង្ហារឹម ជាឈើឥន្ធនៈ ចូលរួមចំណែកជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការពារការហូរច្រោះដី និងជាគម្របព្រៃឈើដែលចូលរួមក្នុងការថែរក្សាលំនឹងបរិស្ថាន កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។
ហេតុដូច្នេះហើយ បានជាក្រសួងយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិ ឲ្យកាន់តែល្អប្រសើរ តាមរយៈការដាក់បញ្ចូលផែនការ អភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិ ទៅក្នុងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ និងបន្តជំរុញអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍកៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ ២០៣០ ឲ្យបានសម្រេចជោគជ័យ។ នេះជាការបញ្ជាក់របស់ លោក វេង សាខុន។
ដើម្បីបន្តអនុវត្តផែនការសកម្មភាពនាឆ្នាំ២០១៩ ឲ្យទទួលបានជោគជ័យ លោករដ្ឋមន្រ្តី បានធ្វើការណែនាំអគ្គនាយកដ្ឋានកៅស៊ូ ឲ្យយកចិត្តទុកដាក់ពិចារណា និងអនុវត្តឲ្យបានសកម្ម និងមានប្រសិទ្ធភាពថែមទៀត នូវចំណុចដូចខាងក្រោម៖
ទី១៖ ត្រូវធ្វើផែនការយុទ្ធសាស្រ្តអភិវឌ្ឍដំណាំកៅស៊ូឆ្ពោះទៅឆ្នាំ ២០៣០ ឲ្យបានសមស្របនឹងស្ថានភាពជាក់ស្តែង និងត្រូវចុះពិនិត្យនិងណែនាំទៅដល់ក្រុមហ៊ុនដាំកៅស៊ូទាំងអស់ ឲ្យរៀបចំរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃផែនការសកម្មភាព និងផែនការអាជីវកម្មប្រចាំឆ្នាំ។ ត្រូវសហការជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូទាំងអស់ រួមទាំងកៅស៊ូគ្រួសារលើការងារបច្ចេកទេស និងនីតិវិធីជាធរមាន។
ទី២៖ ត្រូវសិក្សាទីផ្សារ គុណភាពជ័រ ការកែច្នៃបឋម និងយន្តការនៃការគ្រប់គ្រងចម្ការកៅស៊ូកសិឧស្សាហកម្ម និងចម្ការកៅស៊ូគ្រួសាររួម ទាំងរោងចក្រ-សិប្បកម្មកែច្នៃកៅស៊ូបឋម។ សិក្សាអំពីតម្រូវការនៃធនធានមនុស្សជំនាញ ដែលបម្រើក្នុងវិស័យកៅស៊ូឲ្យបានច្បាស់លាស់ ភ្ជាប់ទៅនឹងប្រាក់ឈ្នួលពលកម្ម ដែលនាំឲ្យមានកង្វះពលកម្មនាពេលអនាគត។
ទី៣៖ ត្រូវបន្តសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្ម ការការពារ និងគ្រប់គ្រងជំងឺ សត្វល្អិតចង្រៃ ជាពិសេសពូជថ្មីៗ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងមានទិន្នផលខ្ពស់។ ពង្រឹងនិងពង្រីកសកម្មភាពរបស់ស្ថានីយ និងមន្ទីរពិសោធន៍ និងបង្កើនសមត្ថភាពស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាដល់អ្នកផលិត ជាពិសេសកសិករ។ ត្រូវខិតខំប្រឹងប្រែងបន្តរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ។
ទី៤៖ ត្រូវបន្តពង្រឹងសហគមន៍កៅស៊ូគ្រួសារ ទាំងការងារគ្រប់គ្រង ការងារបច្ចេកទេសផលិតកម្ម គុណភាពជ័រ កែច្នៃ និងលិខិតបទដ្ឋាននានា ដើម្បីឲ្យកសិករមានលទ្ធភាពស្វែងរកប្រភពទុន សហការ ឬអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាជាមួយដៃគូ និងអាចកសាងមណ្ឌលកែច្នៃ ផលិតផលកៅស៊ូរួមដោយខ្លួនឯង។
ចំណុចនេះ ធនាគារអភិវឌ្ឍន៍ជនបទ បានសម្ដែងការគាំទ្រក្នុងការផ្ដល់ឥណទាន ដល់សហគមន៍កៅស៊ូគ្រួសារ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់សាងសង់សិប្បកម្មកែច្នៃកៅស៊ូរបស់សហគមន៍។
ទី៥៖ ត្រូវបន្តកៀរគរ និងទាក់ទាញរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ជាពិសេសជាមួយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) និងអង្គការ FAO ដើម្បីអនុវត្តការងារ ឲ្យសម្រេចគោលដៅសូចនាករនៃផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍដំណាំកៅស៊ូទទួលបានជោគជ័យ។
ទី៦៖ សម្របសម្រួលនិងពង្រឹងសកម្មភាពរបស់សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាដែលជាផ្នែកឯកជន ដ៏សំខាន់ដែលបានជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យកៅស៊ូឲ្យបានដំណើរការកាន់តែសកម្មទ្វេរឡើង និងត្រូវប្រមូលផ្តុំគ្រប់ប្រតិបត្តិករកៅស៊ូទាំងអស់ឲ្យចូលជាសមាជិករបស់សមាគមនេះ។
ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផលិតនិងប្រើប្រាស់កៅស៊ូសំខាន់ៗ តាមរយៈការរៀបចំចុះអនុស្សារណៈយោគយល់ដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យា ការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ល្អ ក៏ដូចជាការរកទីផ្សារថ្មីៗ៕