(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា កម្ពុជាបានចំណាយប្រមាណ១២០ ទៅ១៥០លានដុល្លារ ក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យលើកទី៤។ យើងមានបញ្ហាប្រឈម ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ គឺបានកើតឡើង ក្នុងស្ថានភាពដែលដៃគូអភិវឌ្ឍន៍ ដកនូវការគាំទ្រហិរញ្ញវត្ថុរបស់បន្តិចម្តងៗ នៅពេលដែលកម្ពុជាយើងប្តេជ្ញា បញ្ចប់ការរីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ (រយៈពេល៥ឆ្នាំមុនការប្តេជ្ញាចិត្តជាសកល)។
ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្តល់ការគាំទ្រ លើការពិនិត្យឡើងវិញ នូវការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៤ នាព្រឹកថ្ងៃទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ក្នុងក៏មានការចូលរួមពីសំណាក់ លោកស្រី Vladanka Andreeva នាយិការអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) នៅព្រះរាជាណាចក្រកម្ពុជា, លោកស្រី Christina Lau នាយិកាស្តីទីនៃទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក ( USAID) ប្រចាំកម្ពុជា និងលោក Yann Derriennic នាយកប្រចាំប្រទេសកម្ពុជាអង្គការ HP+ / Palladium។
លោកទេសរដ្ឋមន្រ្តី បានជំរាបជូនអង្គសិក្ខាសាលាថា ការកៀរគររកថវិកា លើកទី៦ របស់មូលនិធិសកល ជាមួយម្ចាស់ជំនួយ និងដៃគូនៅក្នុងកិច្ចប្រជុំដែលបានរៀបចំ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា នៅថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលលោកបានទៅចូលរួមថ្មីៗនេះ ក្នុងឋានៈជា ប្រធានតំបន់បាស៊ីហ្វិកខាងលិច និងសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលនោះ ពិតជាមាន ការលំបាកណាស់ក្នុងការអំពាវនាវរកប្រាក់ប្រមាណជា ១៤ ០០០ លានដុល្លារអាម៉េរិកសម្រាប់រយៈពេល៣ឆ្នាំ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស១៦លាននាក់ ពីជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅទូទាំងពិភពលោក។
លោកបានផ្តល់បានរំលឹកជូនអង្គសិក្ខាសាលា អំពីស្ថានភាពលំបាកនៃផ្តល់ និងទទួលជំនួយ ពីខាងក្រៅ ជាហនិភ័យអនាគតចំបងមួយនៃការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ក៏ដូចជាប្រទេសមានលទ្ធភាពហិរញ្ញវត្ថុតិចតួចដ៏ទៃផ្សេងទៀត ដែលតម្រូវអោយយើងជាប្រទេសសាម៉ី មានភាពជាម្ចាស់ និងបានស្នើសុំឲ្យអង្គសិក្ខាសាលាពិភាក្សាស្វែងរកវិធីសាស្រ្ត ដែលកាន់តែមានលក្ខណៈច្នៃប្រឌិត និងប្រកបដោយយុទ្ធសាស្រ្ត ដើម្បីគៀងគរ និង ប្រើប្រាស់នូវធនធានប្រកបដោយប្រសិទ្ធភាព។ យើងកំពុងត្រូវបង្ខំឲ្យធ្វើការកាន់តែច្រើន ជាមួយធនធានតិចតួច ដើម្បីឈានទៅសម្រេចគោលដៅជាមហិច្ឆតាជាតិ របស់យើងនេះ។
លោកទេសរដ្ឋមន្រ្តី បានបន្តថា ការពិនិត្យឡើងវិញនូវកម្មវិធីនេះ គឺជាផ្នែកមួយដ៏សំខាន់នៃវដ្តកម្មវិធី។ នេះក៏ជាទម្រង់មួយនៃការត្រួតពិនិត្យកម្មវិធី ដែលមានវត្ថុបំណង ផ្តល់និង ទទួលយក នូវយោបល់ត្រឡប់លើការបំពេញដំណើរការ កម្មវិធី ដើម្បីទទួលបានព័ត៌មានក្នុងការរៀបចំផែនការ និងកែលម្អការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យ លើកទី៥ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ផងដែរ។
ដើម្បីលុបបំបាត់ការឆ្លងរាលដាលនៃមេរោគអេដស៍ ការប្រយុទ្ធ និងឆ្លើយតបទៅនឹងមេរោគ អេដស៍ និងជំងឺអេដស៍ នៅតែមានភាពស្មុគស្មាញ និងទាមទាអោយមានការចូលរួមដ៏យូអង្វែង និងប្រជាពលរដ្ឋគ្រប់រូប និង ពីគ្រប់មជ្ឈដ្ឋានជាបន្តទៀត បើទោះជា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧ នៅលើសកលលោកដែលត្រូវបានទទួលស្គាល់ថា បានសម្រេចគោលដៅ ៩០-៩០-៩០។ បច្ចុប្បន្ន ប្រជាជនប្រមាណ ៦៧.០០០នាក់ រស់នៅជាមួយមេរោគអេដស៍ នៅឆ្នាំ២០១៨ ។ ក្នុងចំណោមនោះ ប្រហែលជា ៨៦%នៃអ្នកទាំងនោះ បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើយប្រមាណ៩៨%នៃអ្នកដែលបានដឹង ពីស្ថានភាពជំងឺអេដស៍បានទទួលការព្យាបាល ដោយឱសថប្រឆាំងនឹងមេរោគអេដស៍ និង៨០%នៃអ្នកដែលទទួលបានការព្យាបាល មានបរិមាណបន្ទុកមេរោគអេដស៍ក្នុងឈាមតិច។
លោកទេសរដ្ឋមន្រ្តីផ្តល់អនុសាស ពិភាក្សាជាក្រុម ពិនិត្យមើលឲ្យបានទូលាយ និងផ្តល់មតិឲ្យបានច្រើនលើបញ្ហាចំនួន៥គឺ ទី១) លទ្ធផល, ទី២) ប្រសិទ្ធផល, ទី៣) គណនេយ្យភាព, ទី៤) ភាពជាដៃគូ និង៥) ការផ្ទេរដំណាក់កាល/ចីរភាព៕