(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំង នគរបាលត្រូវចុះចាប់រថយន្ដក្រឡុកស៊ីម៉ង់ត៍ ដែលបើកបរចូលរាជធានីភ្នំពេញខុសម៉ោងកំណត់ និងតម្រាយផ្លូវ ក្រោយផ្ទុះការរិះគន់ រថយន្ដក្រឡុកស៊ីម៉ង់ត៍ ដាច់ហ្វ្រាំងបុករះនៅម្ដុំវិទ្យាល័យបឹងត្របែក បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
កាលពីថ្ងៃម្សិលមិញ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន CPAC ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 5A-0143 បានដាច់ហ្វ្រាំងបុកម៉ូតូរះម៉ូតូចំនួន៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ (គ្រូវិទ្យាល័យបឹងត្របែក) និងរបួសសរុប៤នាក់ (ស្រី២នាក់) នៅចំណុចស្តុបមុខវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាកម្លាំងនគរបាលចរាចរណ៍ ត្រូវចាប់រាល់រថយន្ដក្រឡុងស៊ីម៉ង់ត៍ទាំងឡាយណា ដែលបើកបរចូលរាជធានីភ្នំពេញ ដោយខុសម៉ោង និងខុសតម្រាយផ្លូវដែលបានកំណត់ដោយ រដ្ឋបាលរាជធានីភ្នំពេញ។
បើតាមលោក ប៉ែន ឃុន ក្រោយទទួលបានបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះចាប់រថយន្ដក្រឡុកស៊ីម៉ង់ត៍ បានចំនួន១០គ្រឿងហើយដែលល្មើស នៅម្ដុំច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ។ នាយការិយាល័យរូបនេះ បានបន្ដថា ប្រតិបត្តិការនេះនឹងត្រូវបន្ដធ្វើដូចភ្លៀងរលឹម ដើម្បីអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។
ជាក់ស្ដែងក្រោយការចាប់ឃាត់ លោក ប៉ែន ឃុន បានចុះទៅអប់រំផ្សព្វផ្សាយ និងធ្វើការផាកពិន័យទៅតាមការកំណត់របស់ច្បាប់។ លោកបន្ថែមថា ប្រសិនបើមានលើកក្រោយទៀតនោះ នឹងចាត់វិធានការកាន់តែធ្ងន់ធ្ងរជាងនេះ ហើយលោកអះអាងថា ដោយសារមានការដ្ឋានជាច្រើនក្នុងរាជធានីភ្នំពេញ ការអនុញ្ញាតឲ្យរថយន្ដក្រឡុកស៊ីម៉ង់ត៍ចូលនេះ ត្រូវបានកំណត់ដោយច្បាស់លាស់ទាំងពេលវេលា និងតម្រាយផ្លូវ ពោលមិនអាចចេញចូលតាមចិត្តបាននោះទេ។
ការដាក់ចេញនូវបទបញ្ជាម្ដងនេះ ត្រូវបានប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គម សង្ឃឹម និងជឿជាក់ថា អាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តនូវវិធានការណ៍នេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈរាល់ដងគេសង្កេតឃើញថា ការអនុវត្តការងារនេះនៅខ្វះចន្លះនៅឡើយ។
សូមរំលឹកថា ម៉ូតូរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ រួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-0959, ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-2991, ម៉ូតូ MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-7127 និងម៉ូតូម៉ាកហុងដាកុបជ្រុង សេ៧០ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1AS-3072។
ជនរងគ្រោះមានឈ្មោះ សុខ សែល អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យបឹងត្របែកស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាអ្នកបើកម៉ូតូម៉ាក MSX បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ ហើយក៏ដឹកសពយកមកស្រុកកំណើតវិញ៕