(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមបើករថយន្តដឹកកម្មករជិត២០០គ្រឿង បានផ្ទុះការតវ៉ាពាក់ព័ន្ធតំបន់សេដ្ឋកិច្ចពិសេស មេហាធេនក្រុងបាវិត ដែលបានទាមទារឲ្យម្ចាស់រថយន្តដឹកកម្មករ បង់លុយទៅឲ្យខាងតំបន់ក្នុង១ឆ្នាំ រថយន្តមួយគ្រឿងចំនួន១០ដុល្លារ តែក្រុមរថយន្តដឹកកម្មករមិនព្រមបង់ ដោយសំអាងថា គ្មានតំបន់ណាគេតម្រូវឲ្យបង់ដូច្នេះទេ។
ក្រុមម្ចាស់រថយន្តដឹកកម្មករ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង នៅព្រឹកនេះថា នៅក្នុងតំបន់សេដ្ឋកិច្ចមេហាធេននេះ មានរថយន្តដឹកកម្មករចំនួន៧០០គ្រឿង ដែលបានដឹកកម្មករជារៀងរាលថ្ងៃ ហើយនៅព្រឹកនេះដែរ ខាងតំបន់បានហៅពួកគាត់ ឲ្យប្រជុំពិភាក្សាគ្នារឿងបង់លុយ ឲ្យខាងតំបន់ចំនួន១០ដុល្លារអាមេរិក ក្នុងមួយឆ្នាំចំពោះរថយន្តមួយគ្រឿង តែក្រុមរថយន្តដឹកកម្មករ មិនព្រមទើបផ្ទុះការតវ៉ាតែម្តងទៅ។
ក្រុមរថយន្តដឹកកម្មករ បានបន្តទៀតថា រាល់រថយន្តដឹកកម្មករណា មិនព្រមបង់លុយឲ្យខាងតំបន់ គឺគេមិនឲ្យបើកចូលក្នុងតំបន់នោះទេ ដូច្នេះមានតែឲ្យកម្មករចុះនៅលើថ្នល់ជាតិ ហើយដើររាប់គីឡូម៉ែត្រទៅរោងចក្រ។ នេះជាជម្រើសចុងក្រោយហើយ ដែលខាងតំបន់នៅតែយកលុយទៀតនោះ។
ក្រុមរថយន្តដឹកកម្មករអះអាងថា តាមបណ្តារោងចក្រនៅក្នុងតំបន់សេដ្ឋពិសេស មេហាធេននេះ ខាងរោងចក្រគេបង់លុយអស់ហើយ ចុះហេតុអ្វីនៅតែយកលុយពីពួគាត់ទៀត ហើយមួយវិញទៀត គ្មានតំបន់សេដ្ឋកិច្ចពិសេសណា គេយកលុយពីរថយន្តដឹកម្មករនោះទេ ទើបតែឃើញតំបន់នេះមួយទេ ដែលតម្រូវឲ្យពួកគាត់បង់លុយ។
ក្រុមរថយន្តដឹកកម្មករ ក៏បានសំណូមពរដល់ខាងតំបន់សេដ្ឋកិច្ចពិសេ សូមគិតពិចារណាឡើងវិញ ចំពោះយកលុយពីរថយន្តដឹកកម្មករ ព្រោះអាចខាតច្រើន ដែលអាចកម្មករមិនបានថែមម៉ោង ចំណាយពេលយូរទម្រាំដើរដល់ថ្នល់ជាតិ រករថយន្តជិះ ធ្វើឲ្យខាតបង់ពីថៅកែរោងចក្រ។ ក្នុងនោះក្រុមរថយន្តដឹកកម្មករ សំណូមពរទៅលោកអភិបាលខេត្តស្វាយរៀង ឲ្យជួយអន្តរាគមន៍ចំពោះរឿងនេះផងដែរ ដើម្បីធ្វើយ៉ាងណា កុំឲ្យខាងតំបន់យកលុយពីរថយន្តដឹកកម្មករ ព្រោះនាំឲ្យខាតប្រយោជន៍កម្មករ។
ពាក់ពន្ធ័ទៅនឹងការទាមទារ ពីក្រុមរថយន្តដឹកកម្មករ មិនឲ្យខាងតំបន់យកលុយនេះអង្គភាព Fresh News មិនទាន់អាចរកការបំភ្លឺ ពីខាងម្ចាស់តំបន់សេដ្ឋកិច្ចពិសេសមេហាធេននេះ បានទេនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៩នេះ៕