(ភ្នំពេញ)៖ ពលការិនីបម្រើការងារតាមផ្ទះចំនួន២នាក់ បានត្រឡប់មកដល់មាតុប្រទេសវិញ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានកិច្ចអន្តរាគមន៍លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក្រោមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៊ីប។
ស្ត្រីរងគ្រោះទាំងពីរនាក់ខាងលើ ឈ្មោះ តាំ ហ្វាត់ទ្រី អាយុ២២ឆ្នាំ រស់នៅភូមិមេម៉ាយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឈ្មោះ ឆាយ ផៃ អាយុ២៦ឆ្នាំ មានទីលំនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ អ្នកទាំងពីរត្រូវបានមេខ្យល់បញ្ជូនទៅធ្វើការជាស្រ្តីមេផ្ទះនៅអារ៉ាប៊ីសាអូឌីត តាមរយៈក្រុមហ៊ុនមិនស្របច្បាប់ នៅប្រទេសវៀតណាម ហើយបានបម្រើការងារអស់រយៈពេល២ឆ្នាំ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបង្ហោះលើ Facebook ផ្ទាល់ខ្លួនដែរថា «ពលការិនីបម្រើការងារតាមផ្ទះ ដែលបានចាញ់បោកមេខ្យល់ នាំទៅរកការងារតាមរយៈក្រុមហ៊ុនមិនស្របច្បាប់វៀតណាម ហើយបានបញ្ជូនទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទទួលរងគ្រោះខ្ញុំបានចាត់ចែងដោះស្រាយ ដឹកនាំមកកម្ពុជាវិញ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩»។
បន្ថែមពីនេះ លោក អូស្មាន ហាស្សាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំស្វែងរកការងារនៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនដែលពុំមានអាជ្ញាប័ណ្ណ ស្របច្បាប់ ឬអនុវត្តន៍មិនត្រឹមតាមនិតិវិធីឲ្យសោះ ព្រោះនាំមានគ្រោះថ្នាក់ និងរងគ្រោះដូចករណីខាងលើនេះ។
គួរបញ្ជាក់ផងដែរ នេះគឺជាលើកទី៦ហើយ ដែលលោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំនៅអេហ្ស៊ីប ដែលបានដោះស្រាយជូនពលការិនីរងគ្រោះ បានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព ដែលស្ត្រីរងគ្រោះទី១៖ឈ្មោះ ម៉ាត់ សាណាស់ (សុះ រ៉ទស់) បានមកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧, ទី២៖ឈ្មោះ អេង ពៅ បានមកដល់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨, ទី៣៖ឈ្មោះ ម៉ាន គីរ៉ស់ បានមកដល់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨, ទី៤៖ឈ្មោះ កែន ចន្ថា បានមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ និងទី៥៖ឈ្មោះ លី សំរ៉ោះ បានមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨៕